ភ្នំពេញ៖ បុរសម្នាក់ តូចចិត្ដនឹងប្រពន្ធ រត់ចោល ក៏បានសម្រេចចិត្តដុតផ្ទះខ្លួនឆេះខ្ទេច បន្សល់ទុកនូវផេះ និងសរសរផ្ទះចំនួន៩ដើម ។ ករណីនេះ កើតឡើង នៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០២១ ស្ថិតក្នុងភូមិផ្ចឹកជ្រុំ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
បើតាមសមត្ថកិច្ច បានអោយដឹងថា បុរសខាងលើដែលត្រូវប្រពន្ធរត់ចោល មានឈ្មោះ ហេង ពៅ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិផ្ចឹកជ្រុំ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានដុតផ្ទះរបស់ខ្លួន បណ្ដាលអោយឆេះផ្ទះទាំងស្រុង ទំហំ ទទឹង៥ម៉ែត្រ បណ្តោយ៧ម៉ែត្រ សរសរប៊ីតុង កំពស់២ម៉ែត្រកន្លះ ជញ្ជាំងក្តារនាបក្តាដំបួលប្រក់ក្បឿង និងឆេះអស់ ពូកភួយ មុង កន្ទេលសំលៀកបំពាក់មួយចំនួន និងបែកពាងចំនួនបី។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ ដែលនាំអោយបុរស ដុតផ្ទះចោល គឺបណ្តាលមកពី ខឹងប្រពន្ធរត់ចោល ហើយជនសង្ស័យ ជាមនុស្សញៀនថ្នាំ ថែមទៀតផង។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ច បឃាត់ខ្លួននៅអធិការស្រុកគងពិសី ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕