ធ្វើជាងពិដាន រកលុយមិនសូវបាន បន្ថែមមុខរបរលួចឡាន ត្រូវសមត្ថកិច្ចក្របួចជាប់

0

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំង អាវុធហត្ថស្រុកសំរោង ចុះបង្រ្កាបករណីចោរលួចរថយន្ត ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅចំណុចលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ លេខ៦៨-៦៩ ស្ថិតក្នុងភូមិរូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។

ជនសង្ស័យឈ្មោះ យ៉ា សម្បត្តិ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងធ្វើពិដាន រស់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះជាម្ចាស់រថយន្តឈ្មោះ យឹម សុវណ្ណាន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យកបានរួមមាន៖ រថយន្ត១គ្រឿងម៉ាក តូយ៉ូតា ហ៊ីលុច្ស រីវូ ពណ៌ស ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ 2BB.7471 ។

កាលពីវេលាម៉ោ ង១៧និង០៧នាទីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ជនសង្ស័យធ្វើសកម្មភាពលួចរថយន្ត ១គ្រឿងម៉ាក តូយ៉ូតា ហ៊ីលុច្ស រីវូ ពណ៌ស ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ 2BB.7471 ពីផ្ទះជនរងគ្រោះយកទៅបាត់។ ភ្លាមៗនោះ បានប្ដឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ។ មិនបានប៉ុន្មានក្រោយមក ដោយមានការសម្របសម្រួលពីលោក ជីវ ចាន់តារា ព្រះរាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំង អាវុធហត្ថស្រុកសំរោងចំនួន១៥នាក់ មានរថយន្ត៣គ្រឿង ដោយមានការសម្របសម្រួលពីលោក ជីវ ចាន់តារា ព្រះរាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះស្ទាក់ និងបង្រ្កាបបានទាំងរថយន្ត នៅលើផ្លូវជាតិលេខ២ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៦៨-៦៩ ស្ថិតក្នុងស្រុកសំរោង។

ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕