ស្រែកឡូឡាមុខរោងចក្រ ហៅអតីតប្រពន្ធ នាងមិនព្រមចេញ ស្រាប់តែបុរសនោះចាប់ក្មេងភ្ជង់ក គំរាមសម្លាប់ ដើម្បីរំដោះខ្លួនពីសមត្ថកិច្ច (Video)

0

ភ្នំពេញ៖ បុរសជាជនសង្ស័យម្នាក់ បានទៅតាមរកហៅអតីតប្រពន្ធ ដល់មុខរោងចក្រ តែនាងមិនព្រមចេញ ក៏ស្រែកឡូឡាផ្អើលគេឯង ពេលខាងរោងចក្របានខលហើយសមត្ថកិច្ច ស្រាប់ជនសង្ស័យចាប់ក្មេងប្រុសម្នាក់ យកកាំបិតភ្ជង់ក គំរាមសម្លាប់ ។ ហេតុការណ៍នេះ បានកើតកើតឡើងកាលពីរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

បើតាមមន្ត្រីនគរបាលបានឲ្យដឹងថា ក្មេងរងគ្រោះមានឈ្មោះ ស សុខហេង ភេទប្រុសអាយុជាង ២ឆ្នាំ ត្រូវជាកូនបង្កើតរបស់ឈ្មោះ ឃឿន ស្រីនោ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខកសិករ នៅភូមិត្រពាំងនំ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ចំណែកជនសង្ស័យមានឈ្មោះ មុត សុវណ្ណ ហៅចិន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល (ត្រូវបានឃាត់ខ្លួន)។

វត្ថុតាងចាប់យករួមមាន៖ កូនកាំបិតមុខស្រួចដងជ័រចំនួន១ កូនកាំបិតមុខស្រួចបត់ចំនួន១ ដែកមុខស្រួចដងជ័រចំនួន១ និងកូនកន្រ្តៃមុខស្រួចបត់ចំនួន១ ដែកកេះពណ៌ក្រហមចំនួន១ និងដបដាក់សាំងចំណុះកន្លះលីត្រចំនួន១។

ប្រភពដដែលបញ្ជាក់ថា នៅមុនពេលកើតហេតុជនសង្ស័យ បានដើរចេញពីផ្ទះនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ហើយទៅរកអតីតប្រពន្ធ ដែលធ្វើការងារក្នុងរោងចក្រផលិតស្បែកជើង ស្ថិតក្នុងភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ដើម្បីសុំលុយចំនួន ១០០០០រៀល ទុកចាយ។ ពេលជនសង្ស័យដើរទៅដល់ មុខរោងចក្រដែលអតីតប្រពន្ធ ធ្វើការក៏ស្រែកហៅឈ្មោះប្រពន្ធ ពេលនោះក៏ឃើញប្រពន្ធដើរចេញមក ហើយក៏ដើរចូលទៅក្នុងវិញទៅ ទើបជនសង្ស័យនៅឈរហើយស្រែកឡូឡា នៅខាងមុខរោងចក្រនោះ បន្ទាប់មកខាងរោងចក្របានទូរស័ព្ទ ទៅប្ដឹងសមត្ថកិច្ចប៉ុស្ដិ៍ដំណាក់អំពិល ពេលជនសង្ស័យឃើញសមត្ថកិច្ច ទៅដល់ក៏រត់គេចហើយចាប់ខ្លួន កុមាររងគ្រោះនឹងយកកូនកាំបិតផ្ជុងនឹងក ហើយគំរាមថា នឹងសម្លាប់បើមិនដោះលែងខ្លួនទេនោះ។ បន្ទាប់មកសមត្ថកិច្ចបានលួងលោមជនសង្ស័យ ពេលជនសង្ស័យភ្លេចខ្លួន សមត្ថកិច្ចក៏បានចូលទៅចាប់ខ្លួន ជនសង្ស័យនឹងជួយសង្រ្គោះក្មេង ហើយដក់ហូតយកវត្ថុតាងបានមួយចំនួន ។

ប្រភពដដែលបន្ថែមថា ជនសង្ស័យធ្លាប់ប្រើប្រាស់សារធាតុញៀន ។ បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕