គ្រួសារស្មានតែប្អូនសតិមិនគ្រប់ ត្រូវឡានកិនដាច់ខ្លួនជាពីរស្លាប់ ក៏ដឹកសពមកធ្វើបុណ្យនៅវត្តសំបួរមាស ស្រាប់តែជួបរឿងនឹកស្មានមិនដល់ (Video)

0

ភ្នំពេញ៖ រថយន្តសណ្តោងកុងតឺន័រ ១គ្រឿង បានបើកជ្រុលទៅបុកកិន បុរសម្នាក់ កំពុងដើរឆ្លងផ្លូវ អូសជិត ៥០ម៉ែត្រ បណ្តាលឲ្យបុរសរូបនោះដាច់ខ្លួនជាពីរ ស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុ ការណ៍នេះ បានកើតឡើង កាលពីម៉ោង ១០៖២០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅទុលមុខច្រកចូល បុរីជីបម៉ុង ផ្លូវ៣៧១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែង កើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះខាងលើ បានស្លៀកកន្សែងពោះគោដើរ ឆ្លងផ្លូវ៣៧១ ក្នុងទិសដៅពីជើង ទៅត្បូង លុះឆ្លងបានបន្តិចក៏ស្រាប់តែ មានរថយន្តសណ្តោង កុងតឺន័រមួយគ្រឿង ម៉ាកហ៊ីយុនដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3B-3934 បានបើកធ្វើដំណើរ តាមបណ្ដោយផ្លូវ៣៧១ ក្នុងទិសដៅពីកើត ទៅលិច ក្នុងល្បឿនលឿនក៏ជ្រុល ទៅបុកកិនជនរងគ្រោះអូសចូលក្រោមរថយន្ត ប្រហែលជា៥០ម៉ែត្រ បណ្ដាលឲ្យជនរងគ្រោះ បែកក្បាលធ្លាយខួរ និងបែកសាច់ជាបំណែក ស្លាប់យ៉ាងអាណោចអាធ័ម នៅកណ្តាលផ្លូវតែម្ដង ដោយឡែករថយន្តវិញ អ្នកបើកបរបានឈប់រថយន្ដ ហើយចុះរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ដោយពិនិត្យមើលសពទើបនាំគ្នាសន្ឋិដ្ឋានថា ជាឈ្មោះ ចាន់ តារា ហៅអាក្លូ អាយុ ៣២ឆ្នាំ (ជាមនុស្សមានសតិមិនគ្រប់) ស្នាក់នៅ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ទើបបង្កការភ្ញាក់ផ្អើល ដល់សាច់ញាតិ និងបងប្អូនរបស់ជនរងគ្រោះ មកដល់កន្លែងកើតហេតុ ស្រែកទ្រហោយំ និងប្រាប់អត្តសញ្ញាណដល់សមត្ថកិច្ច ឲ្យបានដឹងផងដែរ ទើបសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ សពឲ្យសាច់ញាតិយក ទៅតម្កល់ធ្វើបុណ្យនៅវត្តសំបួរមាស ខណ្ឌដង្កោ ចំណែករថយន្តបង្កត្រូវបាន សមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែង យកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា នៅពេលក្រោយ ។

ប៉ុន្តែអ្វីដែលមិនគួរឲ្យជឿ និងនឹកស្មានមិនដល់នោះ គឺខណៈពេលយកសពដល់វត្ត រៀបចំធ្វើបុណ្យតាមប្រពៃណី ស្រាប់តែប្អូនសតិមិនគ្រប់មិនទាន់ស្លាប់ ឃើញលេខមុខដើរនៅតាមផ្លូវ៣៧១ នោះដដែល ផ្អើលដល់អ្នកជិតខាងនាំយកទៅវត្ត ប្រាប់ក្រុមគ្រួសារបានដឹង ទើបដឹងថាភាន់ច្រឡំស្មានតែស្លាប់ ដោយសាររថយន្តកិនស្លាប់ ទើបសុំធ្វើការបកស្រាយបំភ្លឺ អំពីការភ័ន្តច្រឡំភិនភាគជនរងគ្រោះថា ជាប្អូនប្រុសរបស់គាត់ដែលត្រូវរថយន្ត បុកកិនស្លាប់នៅផ្លូវ៣៧១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យនោះ សពជនរងគ្រោះគឺមិនមែន ជាក្រុមគ្រួសារសាច់ញាតិ របស់គាត់ឡើយ ដោយប្អូនរបស់គាត់គឺនៅមានជីវិត និងបានមកអង្គុយជិតគាត់បង្ហាញមុខដល់ សាធារណជន បានដឹងផងដែរ និងសូមអភ័យទោសផងចំពោះការ យល់ច្រឡំនេះ ៕