អាណិតណាស់! ដល់ថ្ងៃខួបកំណើត ម្ដាយបានត្រឹមជិះកង់ឌុបកូន មកមើលហាងលក់នំ Cake (Video)

0

ភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកឈ្មោះ MôNy YâNg បានបង្ហោះរូបភាព អមជាមួយសំណេរថា នៅពេលលោកធ្វើដំណើរកាត់មុខ ហាងលក់នំ «CAKE THAI BY DAV» ដែលមានទីតាំងផ្លូវលេខ៣ កែងជាមួយធនាគារ ក្នុងក្រុងបាត់ដំបង ក៏បានប្រទះឃើញស្ត្រីម្នាក់ កំពុងយំ និងព្យាយាមលួងកូនប្រុស នៅមុខហាងលក់នំ (Cake) ដោយសារតែគ្មានលុយទិញនំឲ្យកូនប្រុស ក្នុងថ្ងៃខួបកំណើត ។

គណនីហ្វេសប៊ុកដដែលបន្តថា មើលទៅគួរឲ្យសង្វេគក្នុងចិត្តណាស់ ! នេះហើយ ”ទឹកចិត្តម្ដាយ” ចំពោះកូននាថ្ងៃខួបកំណើត ។ ម្ដាយបានត្រឹមដឹកកូនប្រុស មកមើលហាងលក់នំប៉ុណ្ណោះ ព្រោះមិនមានប្រាក់គ្រប់ សម្រាប់ទិញនំទេ ក្មេងតូចនៅពេលដែលឃើញនំខួបកំណើត (Cake) ច្បាស់ជាទាមទារចង់បាន ពេលនោះហើយម្តាយព្យាយាម លួងកូនទាំងសម្រក់ទឹកភ្នែក ថាចាំលើកក្រោយ .. ទៅណា កូនប្រុសម្តាយ.. ។

ប្រភពដដែលបន្តថា នៅពេលនោះដែរ រូបលោកក៏បានឈប់សួរនាំ ស្ត្រីជាម្តាយទើបដឹងរឿងរ៉ាវ ហើយនារីរូបនោះបាន ប្រាប់ទាំងទឹកភ្នែកថា ដោយសារតែគាត់មានលុយក្នុងខ្លួន តែ ៤,០០០រៀលទេ ហើយចំថ្ងៃខួបកូនប្រុសទៀត កូនប្រុសយំ ទារទិញនំខួបកំណើត គាត់បានត្រឹមលួងកូន ហើយនាំមកមើលហាងនំ តែប៉ុណ្ណោះ ។

បន្ទាប់ពីបុរសខាងលើ បានឮដូច្នោះក៏ដើរចូល ទៅក្នុងហាងហើយទិញនំខេកមួយ យកមកឲ្យក្មួយប្រុសនោះ ស្ត្រីជាម្ដាយក៏បានលើកដៃសំពះ និយាយអរគុណលោក ហើយក្មេងប្រុសនោះ ក៏សប្បាយចិត្តណាស់ដែរ ។

គណនីហ្វេសប៊ុក បញ្ជាក់ថា លោកផុសនេះមិនមែន ចង់បានភាពល្បីទេ ប៉ុន្តែចង់ប្រាប់ថា ម្ដាយហ៊ានធ្វើគ្រប់យ៉ាង ដើម្បីកូន ទោះក្រយ៉ាងណាក៏ដោយ ៕