ល្បិចបោកខ្ពស់មែន! ប្រាប់ម្ចាស់ថា ខ្ចីម៉ូតូជិះទៅទិញ​អីញ៉ាំមួយ​ភ្លែត​ មានឯណាជិះទៅ​ដាក់បញ្ចាំ យកលុយលេងល្បែង​ និង​ទិញ​ថ្នាំ​ញៀន​ជក់​សោះ

0

ភ្នំពេញ៖​ បុរស​ម្នាក់​ត្រូវ​បាន​ សមត្ថកិច្ច​នគរបាល​ក្រុង​តា​ខ្មៅ​ ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទល្មើស​ រំលោភ​លើ​ទំនុកចិត្ត ​(​ខ្ចី​ម៉ូតូ​អ្នកដទៃយកទីបញ្ចាំ)​ ។​

​ជនសង្ស័យ​ឈ្មោះ​ លុយ​ មក​រា​ ហៅ​ម៉ា​ប់​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​៖​មិន​ពិតប្រាកដ​ ទីលំនៅ​ភូមិ​តា​ខ្មៅ​ សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ (​មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​)​ ។​ បាន​ធ្វើ​សកម្មភាព​ចំនួន​៣​លើក​ ៖

​លើក​ទី​១​៖​ កាលពី​ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក​ នៅ​ចំណុច​តាម​ផ្លូវ​ភូមិ​តា​ខ្មៅ​ សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ បាន​ខ្ចី​ម៉ូតូ​ឈ្មោះ​ អះ​ អា​រី​មុ​ស្លឹ​ម​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរឥស្លាម​ អាយុ​២២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ប្រា​ សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ មុខរបរ​ កម្មករ​រោងចក្រ​។​

​លើក​ទី​២​៖​ កាលពី​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​២០​និង​៣០​នាទី​ នៅ​ចំណុច​​តាម​ផ្លូវ​ភូមិ​តា​ខ្មៅ​ សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ បាន​ខ្ចី​ម៉ូតូ​ឈ្មោះ​ រុន​ ចាន់​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ឫស្សី​ សង្កាត់​ព្រែក​ឫស្សី​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ មុខរបរ​ បើកបរ​ ។​

​លើក​ទី​៣​៖​ នៅ​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០២០​ វេលា​ម៉ោង​២១​និង​៣០​នាទី​ ចំណុច​តាម​ផ្លូវ​ភូមិ​តា​ខ្មៅ​ សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ បាន​ខ្ចី​ម៉ូតូ​ឈ្មោះ​ ជាង​ ចន្ទ​វិ​រៈ​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​សង្កាត់​កើត​​ហេតុ​ មុខរបរ​លក់ដូរ​ ។​

​សម្ភារៈ​បាត់បង់​៖​ ១-​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ សេ​125​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៥​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1CL-9154​ ។​ ២-​ម៉ូតូ​០១​គ្រឿង​ម៉ាក​ Honda​ Beat​ ពណ៌​ ផ្កាឈូក​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1II-3042​ និង​៣-​ម៉ូតូ​ម៉ាក​គ្រឿង​ BMW​ ពណ៌​ស​ខ្មៅ​ គ្មាន​ស្លាក​លេខ​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​កើតហេតុ​ខាងលើ​ ជនសង្ស័យ​បាន​ខ្ចី​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដោយ​ប្រាប់​ថា​ ខ្ចី​ជិះ​ទៅ​ទិញ​អី​ញ៉ាំ​មួយ​ភ្លែត​ ហើយ​បាន​ក៏​បាន​ជិះ​យក​ទៅ​ដាក់បញ្ចាំ​នៅ​ផ្សារ​ឃ្លាំង​រំសេវ​ បាន​លុយ​៣០០​ដុល្លារ​ លេងល្បែង​ និង​ទិញ​ថ្នាំ​ញៀន​ជក់​អស់​ទៅ​ ។​ ​លុះ​មក​ដល់​ថ្ងៃ​ទី​២២​ខែ​០១​ឆ្នាំ​២០២១​ ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​​បាន​ ។​

​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ គឺ​រូបគេ​បាន​ធ្វើ​សកម្មភាព​ ខ្ចី​ម៉ូតូ​របស់​ជន​រង​គ្រោះ​យក​ ទៅ​បញ្ចាំ​ចំនួន​៣​ដង​ ដូច​ខាងលើ​ប្រាកដ​មែន​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ត្រូវ​បាន​ឃាត់​​ខ្លួន​ បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ នគរបាល​ក្រុង​តា​ខ្មៅ​ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិ​​វិធី​ ៕