កណ្តាល ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្អាង បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណី គំរាមកំហែងថានឹងសម្លាប់ទៅលើក្មេងស្រីម្នាក់ ។ ជនរងគ្រោះមានឈ្មោះ បូរិន ស្រីលីន ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិអូរំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។
ចំណែកជនសង្ស័យឈ្មោះ ស៊ន រតនា (ហៅទន់) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអូរំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ត្រូវសមត្ថកិច្ចឃាត់ខ្លួន ថ្ងៃទី២១ ខែមករាឆ្នាំ២០២១ វេលាម៉ោង១៣និង០០នាទី នៅចំណុចភូមិអូរំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។
វត្ថុតាងចាប់យក ៖ កាំបិតផ្គាក់០១ ផ្លែដែក ដងឫស្សីមានប្រវែង ៥៧សង្ទីម៉ែត្រ ។
សមត្ថកិច្ចបានឲ្យដឹងថា កន្លងមកជនសង្ស័យតែង តែផឹកស៊ីឡូឡា ចាក់ធុងបាសឮៗ បង្កការរំខាន ដល់ក្រុមគ្រួសារ និងអ្នកជិតខាងជាខ្លាំង ។ រហូតមកដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែលជា១១និង០០នាទីព្រឹក ជនសង្ស័យបានស្រវឹងស្រា ហើយបានយកកាំបិតផ្គាក់យកមកកាប់គ្រែ និងទូរទស្សន៍របស់ម្ដាយខ្លួន ហើយថែមទាំងស្រែកសំឡុត និងគំរាមម្ដាយរបស់ខ្លួន បណ្ដាលឱ្យម្ដាយភ័យជាខ្លាំង ។
បន្ទាប់ពីទទួលបាន ព័ត៌មានខាងលើនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យយកមកប៉ុស្ដិ៍ ហើយស្ត្រីជាម្ដាយបានសំណូមពរ ឲ្យសមត្ថកិច្ចធ្វើកិច្ចសន្យា អប់រំត្រឹមប៉ុស្តិ៍ ។ បន្ទាប់ពីសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ ធ្វើការអប់រំ ជនសង្ស័យរួច ក៏បានឲ្យជនសង្ស័យ ត្រឡប់ទៅផ្ទះវិញ ក៏ប៉ុន្តែពេលដែលសមត្ថកិច្ច អនុញ្ញាតឲ្យជន សង្ស័យត្រឡប់ទៅផ្ទះវិញ ជនសង្ស័យ មិនគោរព និងធ្វើតាមកិច្ចសន្យារបស់សមត្ថកិច្ចទេ ថែមទាំងបន្តការផឹកស៊ី និងស្រែកឡូឡា និងចាក់ធុងបាស់ឮៗ បង្កការរំខានដល់អ្នកជិតខាងជាខ្លាំង ។
សមត្ថកិច្ចបន្តថា រហូតមកដល់វេលាម៉ោង ១៣និង០០នាទី ថ្ងៃខែឆ្នាំដដែល ឈ្មោះ បូរិន ស្រីលីន (ជនរងគ្រោះ) បានត្រឡប់មកពីសាលារៀនវិញជាធម្មតា ដោយកន្លងមកក្រុមគ្រួសាររបស់ជនសង្ស័យ និងក្រុមគ្រួសារ របស់ជនរងគ្រោះ ធ្លាប់មានទំនាស់នឹងគ្នា ខណៈដែលជនរងគ្រោះកំពុង ជិះកង់ចូលក្នុងផ្ទះ ស្រាប់តែឈ្មោះ ស៊ន រតនា (ហៅទន់) ដែលជាជនសង្ស័យ បានឃើញជនរងគ្រោះ បានយកកាំបិតផ្គាក់គប់ លើជនរងគ្រោះតែម្ដង ប៉ុន្តែដោយកាំបិត បានទាក់នឹងសំណាញ់របង ទើបមិនបណ្ដាលឱ្យ ជនរងគ្រោះរងរបួសទេ ហើយថែមទាំងបាននិយាយ គំរាមកំហែងរកដុតផ្ទះ ជនរងគ្រោះថែមទៀតផង ។ ពេលនោះជនរងគ្រោះ មានការភិតភ័យយ៉ាងខ្លាំង បានយករឿងទាំងអស់ ទៅប្រាប់ឪពុករបស់ខ្លួន ។ ពេលនោះឪពុកជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ស្វាយប្រទាល ឲ្យជួយអន្តរាគមន៍ ។
ក្រោយពីទទួល បានពាក្យបណ្ដឹង កម្លាំងសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ស្វាយប្រទាល បានចុះទៅដល់កន្លែងកើតហេតុ បានធ្វើការចាប់យកវត្ថុតាង និងបាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី ៕