មុខមាត់ស្រស់សោភាដែរ មិនគួរនាំបក្ខពួកហ៊ានធ្វើរឿងបែបនេះសោះ

0

ភ្នំពេញ ៖ នគរបាលស្រុកព្រៃកប្បាស បានធ្វើការឃាត់ខ្លួនយុវតីស្រស់សោភាម្នាក់ ក្នុងចំណោមជនសង្ស័យ២នាក់ ដែលបានលួចម៉ូតូ ពីប្រជាពលរដ្ឋ នៅភូមិសេដ្ឋី ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្លូវខ្នងព្រែកកាវ៉ាក់ ស្ថិតក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

យោងតាមអធិការដ្ឋាន នគរបាលស្រុកព្រៃកប្បាស បានអោយដឹងថា កម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃល្វា បានចុះឃាត់ខ្លួន បានជនសង្ស័យម្នាក់ ឈ្មោះ ពៅ ស្រីម៉ៅ ភេទស្រី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិប្រហាល ឃុំតាឡូ ស្រុកបាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្នស្នាក់នៅ ផ្ទះជួលភូមិមានជ័យ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ(ឃាត់ខ្លួន) និងម្នាក់ទៀតឈ្មោះ ធី ហៅឆាលី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅស្រុកស្អាង ខេត្តកណ្តាល(គេចខ្លួន) ជនសង្ស៍យទាំងពីរនាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០០៧ គ្មានផ្លាកលេខ ទៅធ្វើសកម្មភាពលួចម៉ូតូមួយ គ្រឿងទៀតម៉ាកហុងដាវ៉េវ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខតាកែវ 1T-4909 របស់ជនរងគ្រោះឈ្មោះ ម៉ុម អ៊ួង ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិសេដ្ឋី ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ចំណែកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០០៧ ដែលជនសង្ស័យទាំងពីរ ជិះធ្វើសកម្មភាពនោះ គឺជាម៉ូតូដែលពាក់ព័ន្ធ នឹងអំពើលួចកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៤.៣០នាទី របស់ជនរងគ្រោះឈ្មោះ មាស សុធា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិសម្តេចពាន់ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងម៉ូតូមួយគ្រឿង ត្រូវបានសមត្ថកិច្ច នាំមកអធិការដ្ឋានដើម្បី កសាងសំណុំរឿងតាមនីតិវិធី៕