គ្រាន់តែចុចស៊ីប្លេសុំផ្លូវ ក្មេងទំនើង ៤នាក់ ជិះម៉ូតូដេញតាម គប់បែកកញ្ចក់រថយន្ត ចុងក្រោយត្រូវសមត្ថកិច្ចក្របួចជាប់ (Video)

0

ភ្នំពេញ៖ ក្មេងទំនើងដែលយកដុំថ្មគប់កញ្ចក់រថយន្ត និងប្រើប្រាស់ថ្នាំញៀនចំនួន ៤នាក់ ត្រូវបានសមត្ថកិច្ចបង្រ្កាបបាន រួចបញ្ជូនសំណុំរឿងទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

ក្មេងទំនើងទាំងនេះត្រូវបាន សមត្ថកិច្ចនគរបាលស្រុកមង្គលបូរី បង្រ្កាបបានកាលពីម៉ោង១០និង៥២នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ខណ:ពួកគេបានធ្វើសកម្មភាពជិះម៉ូតូ ដេញជែងរថយន្ត ១គ្រឿង ម៉ាកស៊ីណា ពណ៌ទឹកប្រាក់ ផលិតឆ្នាំ២០០៤ ពាក់ស្លាកលេខភ្នំពេញ 2AD.5103 បើកបរដោយឈ្មោះ ឆាង ចន្ថា ភេទប្រុស អាយុ៣៧ឆ្នាំ ( ទីលំនៅភូមិជ្រៃ ឃុំកណ្តែក ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ) ដែលធ្វើដំណើរលើផ្លូវជាតិលេខ១៥៦D ពីសៀមរាប ទៅបាត់ដំបង។ ពេលដល់ចំណុចភូមិ ប្រឡាយហ្លួងក្រោម ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ក្រុមក្មេង៤នាក់ នេះបានយកដុំថ្មគប់កញ្ចក់រថយន្តខាងក្រោយ ផ្នែកខាងឆ្វេងបណ្តាលឲ្យបែក ប្រេះស្រាំរួចជិៈពួកគេគេចខ្លួនទៅ ។

បើតាមលោក ឆាង ចន្ថា ជាម្ចាស់រថយន្ត បានរៀបរាបថា នៅមុនពេលកើតហេតុគាត់ បើករថយន្តមកកន្លែងកើតហេតុឃើញក្រុមក្មេង ៤នាក់ នេះជិៈម៉ូតូ២គ្រឿង ទន្ទឹមគ្នាលើផ្លូវជាតិ ។ ពេលនោះគាត់បាន ស៊ីប្លេរសុំផ្លូវរួចបើកជែងម៉ូតូពួកគេទៅមុខ។ ប៉ុន្តែមិនបានប៉ុន្មាននាទីផង ស្រាប់តែក្មេងទំនើងទាំង៤នាក់ នេះបានបើកម៉ូតូជែងរថយន្តគាត់វិញ ដោយម៉ូតូ១គ្រឿង បើករេមុខរថយន្ត និង១គ្រឿងទៀត អ្នកជិៈពីក្រោយមានដុំថ្ម២ដុំ បានគប់ទៅលើរថយន្តគាត់ បណ្តាលឲ្យបែកកញ្ចក់ខាងក្រោយ ផ្នែកខាងឆ្វេង ។

បន្ទាប់ពីទទួលដំណឹងនេះ ភ្លាមនគរបាលស្រុកមង្គលបូរី ដែលអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធី ពីលោក មាស ច័ន្ទ ពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ទើបកម្លាំង នគរបាល ស្រុកបានធ្វើការ ស្រាវជ្រាវ និងឈានដល់ចាប់ឃាត់ខ្លួន ក្រុមក្មេងទំនើងទាំង ៤នាក់ ជាបន្តបន្ទាប់ ។

ជនសង្ស័យក្មេងទំនើងរួមមាន ឈ្មោះ ១-ប្រុស វ៉ាន់ នី ហៅបាក់ ភេទប្រុស អាយុ១៥ឆ្នាំ ជាអ្នកធ្វើសកម្មភាពគប់កញ្ចក់រថយន្ត ២-ម៉ិច សំប៉ាន ភេទប្រុស អាយុ២០ឆ្នាំ ៣-វ៉ា ឆៃរ៉ា ក់ ភេទប្រុស អាយុ១៦ឆ្នាំ ។ ទាំង០៣នាក់ នេះរស់នៅភូមិបឹងវែង ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និង ៤-ឈ្មោះ សុំ ថាវរី ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិដូនច្រែង ឃុំព្រះនេត្រព្រះ ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ក្រោយឃាត់ខ្លួនបានពួកគេបានសារភាពពីទង្វើរបស់ពួកគេហើយ ថា មកពីពួកគេខឹងនឹងម្ចាស់រថយន្ត ដែលមិនត្រឹមតែ ស៊ី ផ្លេទេថែម បើកជែងម៉ូតូពួកគេ ក្នុងដែនទឹកដី លំនៅដ្ឋានរបស់ពួកគេទៀត ធ្វើឲ្យពួកគេខូចឥទ្ធិពលជាបងធំ ក្នុងភូមិ ។ សកម្មភាពនេះមកពីពួកគេ ប្រើប្រាស់គ្រឿងញៀនផង ដែលជាដែលហេតុនាំ ឲ្យមានចិត្តសាហាវយ៉ាងនេះ ។

ដោយយោងលើបណ្តឹងរបស់ ជនរងគ្រោះជាម្ចាស់រថយន្ត និងតាមចម្លើយសារភាពរបស់ក្រុមក្មេងទាំង ៤នាក់នេះ បច្ចុប្បន្ន កម្លាំងនគរបាល ជំនាញស្រុក បានរៀបចំសំណុំរឿង បញ្ជូនពួកគេទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕