សាហាវណាស់! ប្រើល្បិចហៅអ្នករត់ម៉ូតូឌុប ជិះទៅផ្ទះ រួចចាប់អារក ប្លន់ម៉ូតូយកទៅបាត់តែម្ដង

0

ភ្នំពេញ៖ អ្នករត់ម៉ូតូឌុបម្នាក់ ត្រូវចោរចាប់អារក ប្លន់យកម៉ូតូ បានសម្រេច ក្រោយជនសង័្សយជាចោរ បានប្រើល្បិចដ៏គម្រក់ ហៅម៉ូតូឌុបជិះទៅផ្ទះ ប៉ុន្តែចុងក្រោយនៅតែគេចមិនផុតពីសមត្ថកិច្ច បន្ទាប់ពីជិះគេចខ្លួន បានរយៈពេល ១ម៉ោង ។ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ៧៖៣០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ នៅចំណុចខាងកើតផ្លូវ បេតុងកែងនឹងមណ្ឌល៩ ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

បើតាមមន្រ្ដីអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង័្សយ ឈ្មោះ ឈុំ ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រីឯជនរងគ្រោះ ឈ្មោះ ប្រាក់ សុខុម ភេទប្រុស អាយុ៥២ឆ្នាំ (រងរបួសក) ស្នាក់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។ ជនរងគ្រោះ ត្រូវបានគេដឹក បញ្ជូនទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យបង្អែកដីថ្មី។

ប្រភពដដែល បានបញ្ជាក់ថា មុនពេលកើតហេតុ ជនសង័្សយបានប្រើល្បិច ហៅម៉ូតូឌុបរបស់ជនរងគ្រោះ នៅម្តុំមុខរោងចក្រអេសស៊ីវ៉ាដូ ហៅ រោងចក្រឌីស ដើម្បី ដឹកគេ (ជនសង័្សយ) ទៅផ្ទះ។ លុះពេលជនរងគ្រោះបើកម៉ូតូដឹកជនសង័្សយ មកដល់ខាងកើតផ្លូវបេតុង កែងនឹងមណ្ឌល៩ ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ស្រាប់តែជននេះបានប្រើល្បិចប្រាប់អ្នករត់ម៉ូតូឌុបឲ្យឈប់ម៉ូតូ។ ប៉ុន្ដែភ្លាមៗនោះ ជនសង័្សយបានចាប់ជនរងគ្រោះអារ.ក ហើយ យកម៉ូតូរបស់ជនរងគ្រោះ ជិះគេចខ្លួន។

ប្រភពដដែល បានបន្ដថា ក្រោយពេលមានសេចក្ដីរាយការណ៍បែបនេះ សមត្ថកិច្ចអាវុធហត្ថ បានចេញប្រតិបត្ដិការ ដេញតាមចាប់ខ្លួនជនសង័្សយ។ លុះរយៈពេល ១ម៉ោងក្រោយមក ទើប កម្លាំងកងរាជអាវុធហត្ថ ដេញតាមឃាត់ខ្លួនជនសង័្សយបាន នៅចំណុចអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រៅពីឃាត់ខ្លួនជនសង័្សយខាងលើនេះ សមត្ថកិច្ច ដកហូតបានម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AL-6110 និង កាំបិតចិតបន្លែមួយ ។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បញ្ជូនទៅកាន់ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមច្បាប់៕