ភ្នំពេញ៖ មនុស្សប្រុសស្រី២នាក់ ដែលជាប់ពាក់ព័ន្ធករណី នាំចេញពលករ ទៅប្រទេសថៃខុសច្បាប់ ៣៦នាក់ ហើយក្នុងនោះក៏មានក្មេងស្រីម្នាក់ ផងដែរ ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាល ចាប់ខ្លួនកាលពីវេលាម៉ោង២និង២០នាទី រំលងអាធ្រាត្រយប់ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២១។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ប៉ាត ម៉ៅ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀងបានរាយការណ៍អោយដឹងថា ក្រោយពីទទួលបានជនសង្ស័យពីនគរបាលការពារព្រំដែនគោកលេខ៨១៩ រួចមកនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៦និង០០នាទី សមត្ថកិច្ចបានធ្វើការសាកសួរលើឈ្មោះ ប៉ាត ម៉ៅ ភេទប្រុស អាយុ៤៥ឆ្នាំ បានឆ្លើយសារភាព ថាកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១វេលាម៉ោង២២ និង០០នាទី ដោយមានឈ្មោះ ប៉ែន សាម៉ន ហៅម៉ៅ ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀងបានខលមកខ្លួន ដោយប្រាប់ថាចាំជួយជូនពលករខ្មែរចេញទៅប្រទេសថៃផង តែមិនបានប្រាប់ចំនួននោះទេដោយអោយថ្លៃឈ្នួលក្នុងម្នាក់ ១០.០០០រៀល (មួយម៉ឺនរៀល) និយាយរួចខ្លួនដើរទៅចាំនៅចំណុចច្រក ស៊ុន សេន ស្ពានបីភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង រហូតដល់ម៉ោង២២និង៣០នាទី ក៏ឃើញរថយន្តពីរគ្រឿងមិនចាំម៉ាកបើកទៅដល់ហើយដាក់ពលករចុះមានប្រុសមានស្រី តែខ្លួន មិនបានរាប់ចំនួនទេ រួចក៏នាំពលករដើរចូលទៅទឹកដីថៃ រហូតដល់ម៉ោង០២និង២០នាទីរំលងអធ្រាត នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ទាហ៊ានថៃចាប់ឃាត់ខ្លួននិងពលករយកមកប្រគល់ជូនសមត្ថកិច្ចកម្ពុជា។
ពេលសាកសួរឈ្មោះប៉ាត ម៉ៅ ភេទប្រុស អាយុ៤៥ឆ្នាំ បានឆ្លើយសារភាពថាខ្លួនពិតជាបានស៊ីឈ្នួលពីឈ្មោះ ប៉ែន សាម៉ន ហៅ ម៉ៅ ភេទស្រី អាយុ៤១ឆ្នាំ នាំពលករខ្មែរលួចឆ្លងដែនចេញទៅប្រទេសថៃដោយខុសច្បាប់ពិតប្រាកដមែន។ ឆ្លងតាមការស្តាប់ចម្លើយឈ្មោះ ប៉ែន សាម៉ន ហៅ ម៉ៅ ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង បានឆ្លើយថាខ្លួនមិនដែលបានស្គាល់ឈ្មោះ ប៉ាត ម៉ៅ ភេទប្រុស ឬក៍ជួលអោយនាំពលករខ្មែរចេញទៅប្រទេសថៃនោះទេ ចំណែកឯលេខទូរស័ព្ទដែលខលទៅគឺជាលេខរបស់ខ្លួន បានដាក់បំរើទូរស័ព្ទសាធារណៈពិតប្រាកដមែន។
ករណីនេះ កម្លាំងនគរបាលស្រុកកំរៀងបានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ តាមបញ្ជារបស់ឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យចាត់ការតាមនីតិវិធីបន្ត។ ចំណែកឯពលករទាំង៣៦នាក់នោះត្រូវនគរបាលការពារព្រំគោកលេខ៨១៩ ធ្វើការអប់រំអោយត្រលប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួន៕