ចាប់ខ្លួនជនដៃដល់ម្នាក់ ក្រោយពីវាយលើស្ត្រីម្នាក់ របួសយ៉ាងដំណំ នៅស្រុកខ្សាច់កណ្ដាល

0

ភ្នំពេញ៖ នគរបាលស្រុកខ្សាច់កណ្ដាល ចាប់ខ្លួនជនដៃដល់ម្នាក់ ក្រោយពីជនដៃដល់រូបនេះ វាយស្ត្រីម្នាក់៤ទៅ៥ដៃ ទទួលរងរបួសយ៉ាងដំណំ ខណៈកំពុងដើរម្នាក់ឯង ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៦និង០០នាទី ស្ថិតក្នុងភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិលស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

មន្ត្រីនគរបាល ស្រុកខ្សាច់កណ្ដាល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉ាត សំអុន ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ខោអាវ មានទីលំនៅភូមិ ឃុំកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ស៊ុក គឹមសៀង ភេទប្រុស អាយុ២៨ ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ឃុំកើតហេតុ(ឃាត់ខ្លួន)។

ប្រភពដដែលបន្តថា កន្លងមកជនរងគ្រោះ មានជម្ងឺលើសឈាម កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ជនរងគ្រោះ ត្រូវក្រុមគ្រួសារ យកទៅសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យវិសាលសុខ រាជធានីភ្នំពេញ រហូតមកដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ទើបជនរងគ្រោះ ចេញពីមន្ទីរពេទ្យមកផ្ទះវិញ។ លុះមកដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៣និង.០០នាទី ជនរងគ្រោះ បានដើរទៅកន្លែង ប្តីរបស់ខ្លួនផឹកស៊ីជាមួយមិត្តភក្ត្រ នៅដីចំការស្វាយ របស់ឈ្មោះ រិទ្ធ ភេទប្រុស នៅភូមិឃុំ ជាមួយគ្នា រហូតដល់វេលាម៉ោង១៦ ជនរងគ្រោះបានដើរត្រឡប់ មកផ្ទះវិញតែម្នាក់ឯង ពេលដើរតាមផ្លូវមកដល់ មុខផ្ទះឈ្មោះ ហួន ហ៊ឺន ស្រាប់តែជនសង្ស័យ ដើរមកពីក្រោយ មកវាយជនរងគ្រោះ១ដៃ ចំគុម្ពត្រចៀកខាងស្តាំ បណ្តាលឲ្យដួលទៅលើផ្លូវ ហើយជនសង្ស័យ បានវាយជនរងគ្រោះ៥ដៃ បន្ថែមទៀត ចំក្បាលនិងចំខ្នងភ្លាមនោះឈ្មោះ ស៊ុក វ៉ា ភេទប្រុស ជាឪពុករបស់ជនសង្ស័យ បានចូលមកជួយចាប់ឃាត់ ហើយជនរងគ្រោះ បានក្រោករត់ទៅផ្ទះ បន្ទាប់មកជនសង្ស័យ បានរត់ដេញតាម វាយជនរងគ្រោះ ទៀត តែត្រូវឈ្មោះ ស៊ុក វ៉ា ចាប់ឃាត់ទៀត។

ក្រោយមកជនរងគ្រោះ ដើរមកដល់ផ្ទះ មានអាការៈមិនស្រួលខ្លួន (ដោយជម្ងឺលើសឈាម) ទើបក្រុមគ្រួសារ បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យវិសាលសុខ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យ ត្រូវបានកម្លាំងប៉ុស្តិ៍ ព្រែកអំពិល ឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាន នគរបាលស្រុក បន្តអនុវត្តតាមនីតិវិធី ៕