ភ្នំពេញ៖ ផឹកស៊ីជុំគ្នា ៣នាក់ លុះស្រវឹងស្រឿងៗ បាត់ទូរស័ព្ទចោទដាក់គ្នាទៅវិញទៅមក ក៏កើតជាជម្លោះពាក្យសម្ដី រហូតឈានដល់បុរសម្នាក់ ទាញកាំបិតពីចង្កេះ ចាក់ម្ចាស់ផ្ទះធ្លាយពោះរងរបួសធ្ងន់ ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីម៉ោង ៨៖៤០នាទី យប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅម្ដុំបឹងអំពួចត្រង់ចំណុចផ្ទះជនរងរបួសឈ្មោះ សន ហ៊ីង ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
បើតាមមន្រ្តីនគរបាលបានឲ្យដឹងថា ជនសង្ស័យដៃដល់ត្រូវបានឃាត់ខ្លួនឈ្មោះ យ៉ាត ពុំ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិឃុំកើតហេតុ ជាមួយគ្នាជនរងរបួសដែរ ។
ប្រភពដដែលបន្តថា មុនដំបូងគេឃើញផឹកស៊ីជុំគ្នាចំនួន ៣នាក់ រួមទាំងម្ចាស់ផ្ទះរងរបួស បន្ទាប់មកនៅតែ ២នាក់រវាងជនសង្ស័យដៃដល់ និងជនរងរបួសម្ចាស់ផ្ទះ ខណៈនោះជនសង្ស័យដៃដល់ យ៉ាត ពុំ បានបាត់ទូរស័ព្ទដៃ ដោយចោទជនរងរបួសជាម្ចាស់ផ្ទះ សន ហ៊ីង ជាអ្នកយក ប៉ុន្តែជនរងរបួសបានបដិសេធ ស្រាប់តែជនដៃដល់ទាញកូនកាំបិត ដែលដាក់តាមខ្លួនចាក់ចំ ពោះខាងឆ្វេងរងរបួសធ្ងន់ ។
ប្រភពដដែលបន្តទៀតថា ភ្លាមៗនោះសមត្ថកិច្ច ចុះជួយអន្តរាគមន៍ភ្លាមៗ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យ បង្ករួមទាំងដកហូតកាំបិតជាវត្ថុតាង ហើយបានបញ្ជូនទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ចំណែកជនរងរបួសចាត់ចែងបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញភ្លាមៗផងដែរ ៕