ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើតប ជូនបណ្តាញសារព័ត៌មាន និងសាធារណជនដែលប្រើប្រាស់ បណ្តាញសង្គមមេត្តាជ្រាបថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ គេហទំព័រសារព័ត៌មាន KH Plus News បានធ្វើការ Lives ពីសកម្មភាពសមត្ថកិច្ច នគរបាលចរាចរណ៍ផ្លូវគោក ចុះរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ហើយដោយប្រើអាកប្បកិរិយា មិនសមរម្យមកលើសមត្ថកិច្ច ដែលកំពុងបំពេញភារកិច្ចនោះ។
ក្រោយពីទទួលបានដំណឹងភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកនាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្រាវជ្រាវនិងឆ្លើយតប ចំពោះខ្លឹមសារដែលសារព័ត៌មានបានធ្វើការ Live នោះ។
ជាលទ្ធផល ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបំភ្លឺឱ្យដឹងថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ទោ ខៀវ ប៊ុនធឿន អត្តលេខ ៦៥៧០២ តួនាទី នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងជាប្រធានក្រុម ត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការបើកបរយានយន្តក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង នៅចំណុចគោលដៅ លើផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដោយបានសហការជាមួយ កម្លាំងនគរបាលអន្តរាគមន៍ និងកម្លាំងនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកលើកដែក។
នៅពេលកំពុងអនុវត្តនោះសមត្ថកិច្ចបានឃាត់រថយន្ត ១គ្រឿង ម៉ាក TOYOTA HIGHLENDER ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AV-9264 បើកបរដោយឈ្មោះ ភិន ដុំ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិព្រៃផ្អាវ ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដែលបើកបរមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ពេលនោះឈ្មោះ ផាត់ ហ៊ន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិទួលអង្គុប ឃុំសំបួរ ស្រុកស្វាយទៀប ខេត្តស្វាយរៀង មុខរបរ សារព័ត៌មានក្តាមក្រហម តួនាទី និពន្ធនាយករង ដែលជិះនៅខាងក្រោយរថយន្តនោះ បានចុះមកធ្វើការ LIVE VIDEOS ដោយមិនបានសុំការអនុញ្ញាត និងនិយាយបំភ្លើសការពិត។
ផ្អែកតាមប្រសាសន៍លោក ខៀវ កញ្ញរិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ កុំទៅថតយកព័ត៌មាននៅក្នុងដែនសមត្ថកិច្ច របស់អាជ្ញាធរដែលហាមឃាត់ កំពុងបំពេញកិច្ចការ ព្រោះខុសវិជ្ជាជីវៈសារព័ត៌មាន បើនៅមិនស្តាប់ការហាមឃាត់នោះទេ សមត្ថកិច្ចមានសិទ្ធិចាប់ឃាត់ខ្លួន អ្នកសារព័ត៌មានពេលនោះតែម្តង។
រហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានកោះអញ្ជើញ ឈ្មោះ យឹម សារ៉ែម ចាងហ្វាងសារព័ត៌មានក្តាមក្រហម និងឈ្មោះ ផាត់ ហ៊ន និពន្ធនាយករង សារព័ត៌មានក្តាមក្រហម មកការិយាល័យធ្វើការសួរនាំ ពន្យល់ អប់រំ ណែនាំ អំពីការអនុវត្តតួនាទីភារកិច្ចរបស់សមត្ថកិច្ច និងផ្អែកតាមប្រសាសន៍ណែនាំរបស់ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ៕