ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឯកភាពយល់ព្រមឲ្យលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់វិធានការផ្លូវច្បាប់ និងបោសសម្អាតបុគ្គលដែលរំលោភយកដីធ្លីរបស់រដ្ឋ នៅខេត្តមណ្ឌលគិរី ។
យោងតាមសំណើរបស់ក្រសួងកសិកម្ម កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ គោរពជូនទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងត្រូវបានសម្ដេចចារឯកភាពនោះ មានខ្លឹមសារដូចតទៅ៖
ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃ ការរំលោភកាន់កាប់ដីរដ្ឋ ដែលកើតឡើងដដែលៗទៀត ក៏ដូចជា ការពារផលប្រយោជន៍ស្របច្បាប់របស់អ្នកវិនិយោគ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបប្រជុំពិភាក្សា ការងារជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី រិះរកវិធានការដោះស្រាយ សម្រាប់បំពេញកិច្ចអនុវត្តដូចខាងក្រោម ៖
១.រដ្ឋបាលខេត្តត្រូវចេញលិខិត និរាករណ៍លើលិខិតទាំងឡាយណា ដែលចេញដោយអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត មានភាពមិនស្របតាមនីតិវិធីពេញលេញកន្លងមក និងត្រូវចេញដីកាដកហូតដី ទាំងនេះមកជាសម្បត្តិរដ្ឋវិញ។
២.រដ្ឋបាលខេត្តត្រូវសហការ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិនិត្យលើ៖
-ចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលដែល ពាក់ព័ន្ធនឹងការរៀបចំឯកសារក្លែងក្លាយ
-ចំណាត់ការផ្លូវច្បាប់ ចំពោះបុគ្គលដែលរឹងទទឹង ឬពុំព្រមអនុវត្តស្របតាមវិធាននានា ដែលអាជ្ញាធរជាក់ចេញ កន្លងមក និងនៅជាធរមាន។
-ចំណាត់ការផ្លូវច្បាប់លើកាចេញ វិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុមិនប្រក្រតី លើដីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
-ចំណាត់ការផ្លូវច្បាប់លើរាល់ការបំប្លែងដីរដ្ឋ នៅក្នុងដែនសមត្ថកិច្ចក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមកជាដីកម្មសិទ្ធឯកជន មិនមានប្រក្រតីភាពដោយមិនបាន សុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម កាប្រមាញ់ និងនេសាទ ។
៣.រដ្ឋបាលខេត្តត្រូវរៀបចំផែនការ សកម្មភាពដើម្បីបើកយុទ្ធនាការ បោសសំអាតទ្រង់ទ្រាយធំ លើការរំលោភទន្ទ្រានហ៊ុមព័ទ្ធយកដីរដ្ឋ ខុសច្បាប់តាមគ្រប់រូបភាព ដោយមានកិច្ចសហការគាំទ្រ ចូលរួមពីកម្លាំងចម្រុះថ្នាក់ជាតិ ។
៤. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវពិនិត្យលទ្ធភាពអាចស្នើធ្វើនិយ័តកម្ម ឬប្តឹងទៅតុលាការមោឃភាព ចំពោះវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ដែលមិនបានបំពេញនីតិវិធីពេញលេញ នៅជាធរមាន ៕