ចាប់ខ្លួនចោរឆក់កាបូប ២នាក់ នៅខេត្តព្រះសីហនុ

0

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច ខេត្តព្រះសីហនុ បានធ្វើការឃាំត់ខ្លួន ជនសង្ស័យ២នាក់ ពាក់ព័ន្ធ ករណីឆក់កាបូបស្រ្តីម្នាក់ ដែលធ្វើដំណើរតាមផ្លូវអូរទី១។ ការឃាត់ខ្លួននេះ ធ្វើឡើង បន្ទាប់ពី ប្រជាពលរដ្ឋ បានរាយការណ៍មកថា មានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាកសង់ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ កាំម៉ូតូពណ៌ស និងមានស្លាកលេខ ព្រះសីហនុ 1F-1214 បានធ្វើសកម្មភាពឆក់កាបូប ពីស្រ្តីម្នាក់ ដែលធ្វើដំណើរតាមផ្លូវអូរទី១ រួចក៏ពួកគេទាំង០២នាក់ បើកម៉ូតូរត់គេចខ្លួន ។

បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ក៏ឃាត់បានជនសង្ស័យ០២នាក់ និងម៉ូតូ០១គ្រឿង ម៉ាក សង់ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1F-1214 នោះបាន នៅចំណុចម្ដុំឆ្នេរអូរឈើទាល ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យទាំង០២នាក់ មានឈ្មោះដូចខាងក្រោម
១-ឈ្មោះ សាន ភារ៉ាត់ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
២-ឈ្មោះ សែត ចន្ធូ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបានមាន
-ម៉ូតូ ០១គ្រឿង ម៉ាក សង់ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1F-1214 (ជាមធ្យោបាយធ្វើសកម្មភាព) ។
ចំពោះជនសង្ស័យទាំង០២នាក់ខាងលើត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរ ៕