ឃាត់ខ្លួនជនជាតិចិនម្នាក់ ក្នុងចំណោម៣នាក់ ពាក់ព័ន្ធចាប់បង្ខាំងមន្រ្តី ក្រសួងដែនដី

0

ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌបឹងកេងកង បានឃាត់ជនសង្ស័យ០១នាក់ ពីបទ បង្ខាំងមនុស្សដោយខុសច្បាប់ ប្រព្រឹត្ដកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៩និង០០នាទី នៅចំណុចផ្ទះគ្មានលេខ ផ្លូវ៣០២ ក្រុមទី១៥ ភូមិ២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ហាក់ បញ្ញាកា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ ២c ផ្លូវលំ ភូមិក្រាំងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរមន្ត្រីក្រសួងដែនដី ។

ជនសង្ស័យទី១ឈ្មោះ GAO. HUANYU ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះ២៣៣ ផ្លូវ៣០៤ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរពាណិជ្ជករ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទី ។

២-ឈ្មោះ. យិន. យ៉ូវមីង. ភេទប្រុស. អាយុប្រហែល៤៥ឆ្នាំជនជាតិចិន(គេចខ្លួនទៅប្រទេសចិន) ។

៣-ឈ្មោះ ចាង. ហ្វឹង ភេទប្រុស ប្រហែល អាយុ៣១ឆ្នាំ (គេចខ្លួន) ។

វត្ថុតាងចាប់យក៖ រថយន្តម៉ាកស្តារិក (HYUNDAI STAREX)ពណ៌ស. ពាក់ស្លាកលេខ ភ្នំពេញ 2BA -6403 សេចក្តីរាយការណ៍ បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៩និង០០នាទី ជនរងគ្រោះម្ចាស់រថយន្តបានយករថយន្តម៉ាកស្តារិក (HYUNDAI STAREX) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA -6403 បានមកផ្ទះគ្មានលេខ ផ្លូវលេខ៣០២ ភូមិ២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ(កន្លែងកើតហេតុ) ដើម្បីបន្តកុងត្រា ជាមួយជនសង្ស័យ ។ ពេលជជែកគ្នា មានអ្នកបកប្រែភាសាចិនឈ្មោះ សុខ ប៉ាង ភេទប្រុស ជាអ្នកបកប្រែនៅទីនោះ ខណ:ដែលកំពុងជជែកគ្នា ពីលក្ខខណ្ឌក្នុងការជួល អ្នកបកប្រែ បានជាប់រវល់ចេញ ទៅក្រៅបាត់ ហើយនៅតែជនរងគ្រោះ ដែលជាម្ចាស់រថយន្ត និងជនសង្ស័យ រួមជាមួយបក្ខពួក ជនជាតិចិន០២នាក់ ។

ក្រោយពីអ្នកបកប្រែ ចេញទៅបាត់ ជនរងគ្រោះ ត្រូវបានពួកជនជាតិចិនទាញទ្វារបិទ មិនព្រមអោយជនរងគ្រោះ ចេញមកក្រៅ និងបង្ខំអោយជនរងគ្រោះ ធ្វើកុងត្រា អោយពួកខ្លួន ហើយទារយកសោរឡាន រួចបានអោយលុយ ទៅម្ចាស់រថយន្ត៦០០$(ប្រាំមួយរយដុល្លារអាមេរិក) ទើបព្រមអោយជនរងគ្រោះចេញមកវិញ ។  ក្រោយពេលចេញពីផ្ទះ កើតហេតុ ជនរគ្រោះបានមកប្តឹងនៅប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងកេងកង១ ចំណែកជនសង្ស័យទាំង៣នាក់បានជិះរថយន្តគេចបាត់ទៅ ។

ប្រភពបន្តថា លុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៩និង០០នាទី ទើបជនសង្ស័យឈ្មោះកៅ ហ័ងអ៊ី (GAO HUANYU) ចូលមក បំភ្លឺក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្ដង ។

បច្ចុប្បន្ន ជនសង្ស័យ និងរថយន្តម៉ាកស្តារិក(HYUNDAI STAREX)ពណ៌ស. ពាក់ស្លាកលេខ ភ្នំពេញ 2BA -6403 ត្រូវបានឃាត់និងរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ដើម្បី ចាត់ការ បន្តតាម ផ្លូវច្បាប់ ៕