តូចចិត្តរឿងម្ដាយ ស្ដីបន្ទោសបន្តិចបន្តួច និស្សិតវ័យក្មេងម្នាក់ សម្រេចចងក សម្លាប់ខ្លួន បន្សល់ទុកពាក្យបណ្ដាំ ១សន្លឹក

0

ភ្នំពេញ៖ ទំនងជាតូចចិត្តជាមួយម្ដាយ ស្ដីបន្ទោសឲ្យបន្តិចបន្តួច យុវជនជានិស្សិត នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាម្នាក់ បានសម្រេចបញ្ចប់ជីវិត ដោយបានចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ជួលជាន់ទី៣ ដោយបន្សល់ទុកពាក្យបណ្ដាំ មួយសន្លឹក ជូនម្ដាយជាទីស្រលាញ់។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីម៉ោងជាង ២រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលមួយកន្លែង ខាងជើងវត្តទឹកថ្លា ក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

និស្សិតរងគ្រោះមានឈ្មោះ ម៉ា ត្រា អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី៤ ផ្នែកគីមី ចំណីអាហារ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ស្នាក់នៅបន្ទប់ជួលលេខ36 កន្លែងកើតហេតុ និងមានស្រុកកំណើតនៅភូមិទ្រាស  ឃុំទ្រាស ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។ ទាក់ទិនការធ្វើអត្តឃាតនេះ គេពុំដឹងពីមូលហេតុអ្វីឡើយ គេមានការសង្ស័យថា យុវជនរូបនោះតូចចិត្តខ្លួនឯង ដោយសារម្ដាយស្ដីបន្ទោសបន្តិចបន្តួច។

បើតាមម្ចាស់ផ្ទះជួល បានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោងប្រមាណជា ១២ថ្ងៃត្រង់ថ្ងៃទី១៧ មករា ស្ត្រីជាម្ដាយបានទូរស័ព្ទមកឲ្យទៅមើល បន្ទប់កូនរបស់គាត់ ដោយសារគាត់តេមិនចូល បិទទូរស័ព្ទ ពេលទៅដល់ក៏បាន ប្រទះឃើញបន្ទប់បិទទ្វារ ហើយនាំគ្នាដោះកញ្ចក់មើល ឃើញសពចងកក្នុងបន្ទប់ទឹក។

សូមបញ្ជាក់ថា នៅវេលាល្ងាចថ្ងៃទី១៦ ខែមករា និស្សិតរូបនេះបានទូរស័ព្ទទៅម្ដាយ ទំនងជាខឹងម្តាយស្តីបន្ទោស ក៏បានបិទទូរស័ព្ទ ប៉ុន្តែមិននឹកស្មានថា ហ៊ានចងកសម្លាប់ខ្លួនបែបនេះសោះ ។ បន្ទាប់ភ្ញាក់ផ្អើលម្ចាស់ផ្ទះរាយការណ៍ ប្រាប់សមត្ថកិច្ចដើម្បីធ្វើការត្រួតពិនិត្យ។ នៅក្នុងបន្ទប់សមត្ថកិច្ចរកឃើញ មានសំបុត្រមួយច្បាប់ដែលយុវជនរូបនោះ សរសេរជាភាសាអង់គ្លេសផ្ញើទុកជូនម្ដាយ ៕