លួចអីក៏លួចម្ល៉េះ! លួចតែមួយគ្រឿង ប្រើគ្រប់ហើយ ចាំបាច់លួច អីច្រើនយ៉ាងនេះ (Video)

0

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ ចុះប្រតិបត្តិការបង្ក្រាបករណី លួចទូរស័ព្ទដៃចំនួន ១៥គ្រឿង ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិវត្តលៀប  សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង  ។

ជនសង្ស័យមានឈ្មោះ ពៅ សារ៉េត ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅ ភូមិសង្កាត់កើតហេតុខាងលើ ។

ប្រតិបត្តិការនេះធ្វើឡើងដោយ អនុវត្តតាមបញ្ជា របស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលនីតិវិធី ពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង និងស្របតាមយោបល់ណែនាំពី លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទ័ណ្ឌផងដែរ ។

បើតាមនគរបាលបានឲ្យដឹងថា ចំពោះមូលហេតុដែលឈានដល់ ការឃាត់ខ្លួនជនសង្ស័យខាងលើនោះ គឺកាលពីម៉ោង ១រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិតាង៉ែត ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីចោរចូលលួចយកទូរស័ព្ទដៃចំនួន ១៥គ្រឿង  ពីក្នុងទីលំនៅរបស់ជនរងគ្រោះឈ្មោះ ប្រាក់ សំណាង ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅក្នុងមូលដ្ឋានខាងលើ។ ក្រោយកើតហេតុជនរងគ្រោះ បានដាក់ពាក្យបណ្តឹង មកសមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយ:ការស្រាវជ្រាវស៊ើបអង្កេត និងក្រោមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោស្នងការ ទើបកំណត់បានមុខសញ្ញា ជាជនសង័្សយខាងលើ និងឈានទៅធ្វើការឃាត់ខ្លួនតែម្ដង ។

ដោយឡែកវត្ថុតាងដកហូតបានរួមមាន៖ ទូរស័ព្ទដៃចំនួន ១៥គ្រឿង ក្នុងនោះមានម៉ាក VIVO ចំនួន ៦គ្រឿង និងម៉ាក OPPO ចំនួន ៩គ្រឿង, ម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AL-0159 ជាមធ្យោបាយប្រព្រឹត្តបទល្មើស ។

បច្ចុប្បន្នកម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕