ភ្នំពេញ៖ បុរសម្នាក់ពេលត្រឡប់ពីភ្នំពេញ មកជួបប្រពន្ធនៅស្រុកកំណើត ស្រាប់តែមានជម្លោះគ្នាយ៉ាងខ្លាំង ហើយបុរសជាប្តីបានគំរាមរកអារ.កសម្លាប់ប្រពន្ធ ធ្វើឱ្យប្រពន្ធភ័យក៏រត់ទៅប្តឹមេភូមិ លុះពេលមេភូមិមកសួរនាំ ក៏ដេញកាប់លោកមេភូមិ បណ្ដាលឱ្យរងរបួស រួចហើយដុតម៉ូតូ និងដុតផ្ទះខ្លួនឯងថែមទៀត ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ២រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ។
ជនសង្ស័យឈ្មោះ កែវ ធូ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ហើយរូបគេទើបត្រឡប់មកពីភ្នំពេញ។ ចំណែកលោកមេភូមិរងគ្រោះមានឈ្មោះ សួស សារី ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរមេភូមិត្របែកប្រហោង រស់នៅក្បែរភូមិកើតហេតុខាងលើ ត្រូវជនសង្ស័យយកពូថៅកាប់ត្រូវ ៦កន្លែង ហើយត្រូវបានដឹកទៅកាន់ មន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ។
បើតាមអធិការនគរបាលស្រុកស្វាយជ្រំលោក ពិន អាន បានឱ្យដឹងថា សម្ភារខូចខាតរួមមាន ម៉ូតូហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ឆេះអស់ទាំងស្រុង និងសម្ភារផ្សេងៗមួយចំនួនទៀត។
លោកអធិការបញ្ជាក់ថា មុនកើតហេតុជនសង្ស័យ បានធ្វើដំណើរមកពីភ្នំពេញ មកលេងស្រុកកំណើត ក្នុងភូមិឃុំកើតហេតុខាងលើ។ បន្ទាប់ពីមកដល់ផ្ទះជនសង្ស័យ បានរករឿងឈ្លោះជាមួយប្រពន្ធ និងបានគំរាមរកអារ.ក ធ្វើឱ្យប្រពន្ធភ័យក៏បានរត់ចេញផ្ទះ ដើម្បីទៅប្តឹងលោកមេភូមិត្របែកប្រហោង។ ក្រោយមក លោកមេភូមិបានជិះម៉ូតូ មកដល់ស្រាប់តែ ជនសង្ស័យបានយកពូថៅកាប់ និងវាយត្រូវក្បាលនិងដងខ្លួន លោកមេភូមិបណ្ដាលឱ្យរងរបួសធ្ងន់ ហើយក៏បានយកដែកកេះ កេះដុតផ្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។
រហូតមកដល់វេលាម៉ោង ៤រសៀលថ្ងៃដដែល សមត្ថកិច្ចទាំងនគរបាល និងកងរាជអាវុធហត្ថស្រុក បានឡោមព័ទ្ធដោយជនសង្ស័យមានពូថៅជាប់ខ្លួន មិនព្រមប្រគល់ខ្លួនឱ្យសមត្ថកិច្ច ចាប់តាមសម្រួលនោះទេ ខណៈផ្ទះកំពុងត្រូវភ្លើងឆេះយ៉ាងខ្លាំង ៕