ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅចំណុចក្រុមទី១៤ ភូមិព្រៃទទឺង១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង មានបុរសពិការម្នាក់ដេកស្លាប់ ដោយឆក់ខ្សែភ្លើងនៅនឹងផ្ទះ ស្ថិតនៅក្រុមទី១៤ ភូមិព្រៃទទឹង១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។
ក្រោយពីទទួលបានពត៌មាន កម្លាំងផ្នែកជំនាញបានសហការ ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល និងលោកគ្រូពេទ្យបង្អែកស្រុកបវេល បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ពិនិត្យឃើញថា សាកសពរបស់ជនរងគ្រោះបានស្លាប់ នៅក្រោយផ្ទះលើផ្ទៃដីដែលមានចាក់សាប និងអណ្ដូងស្នប់ដោយមានសម្ភារៈព្រីភ្លើង នៅក្បែរខ្លួនហើយ និងមានស្នាមឆេះរោលពណ៌ខ្មៅនៅនឹងដៃ។
បើតាមតាមការបំភ្លឺរបស់ឈ្មោះ ឈិន រិទ្ធ ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅក្បែរគ្នាត្រូវជាអ្នកជិតខាង និងជាអ្នកធ្លាប់យកបាយទឹកទៅឲ្យហូប ទាំងព្រឹកល្ងាចជាប្រចាំបានឲ្យដឹងថា ជនរងគ្រោះខាងលើ គាត់មានជំងឺប្រចាំកាយគឺអាការ: (ឈឺខ្វិនដើរមិនរួច) គឺចង់ទៅណាគឺអង្កិលកូដរហូត។ លុះដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៦និង២០នាទី ខ្លួនបានយកបាយនិងម្ហូប ទៅឱ្យដូចធម្មតាពេលទៅដល់ហៅគាត់ពុំឮឆ្លើយ ក៏នឹកស្មានថាគាត់ចូលទៅក្នុងបង្គន់ខ្លួន ក៏បានទុកបាយឱ្យដូចរាល់សព្វដង ហើយក៏ត្រឡប់មកផ្ទះវិញ រហូតដល់ម៉ោងប្រហែល ១៨និង៤០នាទី ខ្លួនក៏បានមើលទៅផ្ទះរបស់គាត់ តែពុំឃើញបើកភ្លើងក៏នាំកូននិងប្ដីទៅមើល ក៏ឃើញដេកស្លាប់នៅក្បែរផ្ទះនិងមានព្រីភ្លើង និងមានស្នាមខ្មៅនៅនឹងដៃ តាមការសន្និដ្ឋានរបស់ខ្លួន គឺគាត់ស្លាប់ដោយសារឆក់ខ្សែភ្លើង គឺគ្មានករណីអ្វីផ្សេងពីនេះឡើយ។ ជនរងគ្រោះឈ្មោះ ប៊ុន ម៉ាប់ ភេទប្រុស អាយុ ៦៨ឆ្នាំ រស់នៅភូមិព្រៃទទឹង១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
តាមការសន្និដ្ឋានរបស់កម្លាំងជំនាញ និងលោកគ្រូពេទ្យបានសន្និដ្ឋានថា ជនរងគ្រោះខាងលើពិតជាបានស្លាប់ ដោយសារខ្សែភ្លើងឆក់ពិតប្រាកដមែន។ បច្ចុប្បន្ន ក្រោយធ្វើការពិនិត្យរួចជនរងគ្រោះ ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ៕