ភ្នំពេញ៖ មានហេតុការណ៍ដ៏គួរឲ្យ ភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈមានពលករខ្មែរម្នាក់ លង់ទឹកស្រះរាប់ម៉ោង លុះពេលសមត្ថកិច្ច ដឹកជនរងគ្រោះទៅធ្វើកោសល្យវិច្ច័យ បែរជាជីពចរនៅដើរ តែចុងក្រោយនៅតែបាត់បង់ជីវិត ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ នៅឃុំទេពនិមិត្ត ស្រុកខៅសាក់មឹង ខេត្តត្រាត។
ជនរងគ្រោះមានឈ្មោះ វីត អាយុជិត៤០ឆ្នាំ ជាពលករស៊ីឈ្នួលចាំចំការទុរ៉េន ឲ្យជនជាតិថៃនៅក្នុងឃុំ-ស្រុកកើតហេតុខាងលើ ។
បន្ទាប់ពីឃើញស្បែកជើង របស់ជនរងគ្រោះនៅលើមាត់ស្រះ ទើបម្ចាស់ចំការ ទាក់ទងទៅខាងក្រុមអ្នកមុជទឹក និងសមត្ថកិច្ចឲ្យជួយ ពេលសមត្ថកិច្ច និងក្រុមអ្នកមុជទឹកទៅដល់ ចុះរាវរកក៏ប្រទះឃើញដូចការសង្ស័យមែន ។ អ្វីដែលភ្ញាក់ផ្អើលនោះគឺ ក្រុមសាច់ញាតិបានទិញមឈូសត្រៀម ដាក់សពរួចទៅហើយ លុះសមត្ថកិច្ចដឹកជនរងគ្រោះទៅធ្វើកោសល្យវិច្ច័យ បែរជាមានជីពចរនៅដំណើរការ ។ តែយ៉ាងណាជនរងគ្រោះនៅតែមិនអាចសង្គ្រោះជីវិតបាន បើទោះជាក្រុមសមត្ថកិច្ចថៃ ខំធ្វើចលនាឱ្យយ៉ាងណាក៏ដោយ ពោលគឺជនរងគ្រោះនៅតែបាត់បង់ជីវិតដដែល។
ក្រោយពេលធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះអាចខ្យល់គរ ដួលធ្លាក់ចូលស្រះទឹកដោយខ្លួនឯង បណ្តាលឲ្យលង់ស្លាប់តែម្ដង ៕