Home សង្គម លួចបានគ្រាន់ គេទាន់ក្រែល! បុរសកម្មករសំណង់ម្នាក់ លួចកាត់ខ្សែភ្លើងបានសម្រេច ៥លើក ដល់លួចលើចុងក្រោយ ត្រូវសមត្ថកិច្ចក្របួចជាប់ (Video)

លួចបានគ្រាន់ គេទាន់ក្រែល! បុរសកម្មករសំណង់ម្នាក់ លួចកាត់ខ្សែភ្លើងបានសម្រេច ៥លើក ដល់លួចលើចុងក្រោយ ត្រូវសមត្ថកិច្ចក្របួចជាប់ (Video)

0

ភ្នំពេញ៖ ជនសង្ស័យជាកម្មករសំណង់ម្នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ទៀត ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនកាលពីម៉ោង៦៖៣០នាទីល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ក្រោយធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង ក្នុងការដ្ឋានសំណង់មួយកន្លែង ។

ជនសង្ស័យមានឈ្មោះ ឈឿម ឡាយ អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិចំការសំរោង១ ឃុំចំការសំរោង ខេត្តបាត់ដំបង បច្ចុប្បន្នមកស្នាក់នៅបណ្ដោះអាសន្ន ក្នុងក្រុងបាវិត។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១១៖១០នាទីព្រឹក ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ទទួលបានព័ត៌មានពីឈ្មោះ ទុយ សុភ័ក្រ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខសារ៉ាបូព៌ា មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងដែលបានរាយការណ៍ថា នៅចំណុចការដ្ឋានសំណង់ងូវ គឹមម៉េង ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត មានជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណ បានចូលលួចកាត់ខ្សែភ្លើងអស់ប្រវែង ៩០ម៉ែត្រ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ រហូតដល់ម៉ោង ៦៖៣០នាទីល្ងាចថ្ងៃដដែល សមត្ថកិច្ចកំណត់បានមុខសញ្ញាម្នាក់ យកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីធ្វើសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង នៅកន្លែងខាងលើបានចំនួន ៥លើកហើយ ដោយក្នុង១លើកៗលក់បានប្រាក់ជាង ១០ម៉ឺនរៀល។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីចាត់ការតាមច្បាប់ ៕

Previous articleនាយករដ្ឋមន្ត្រី ចេញបទបញ្ជាហើយ ជនឆ្លៀតឱកាសទាំងឡាយកុំសង្ឃឹមថា បានរំលោភឬធ្វើរបងបិទ ផ្លូវសាធារណៈទៀតឲ្យសោះ (Video)
Next articleសម្ដេច ស ខេង បញ្ជាឲ្យស្នងការរាជធានី-ខេត្តទាំងអស់ បើកប្រតិបត្តិការលុបបំបាត់ យានយន្ដកែច្នៃបំពង់ស៊ីម៉ាំង បង្កសំឡេងរំខានដល់ពលរដ្ឋ (Video)