ភ្នំពេញ៖ ក្រោយពីអភិបាលខេត្តកែប បញ្ជាឲ្យរុះរើរបងថ្មទ្វារដែក សាងសង់ គ្មានច្បាប់អនុញ្ញាត បិទផ្លូវប្រជាពលរដ្ឋធ្លាប់ធ្វើដំណើរនោះ ពេលនេះសម្ដចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាបន្ថែម ក៏ដូចជាដាសតឿនដល់អភិបាលខេត្តទាំងអស់ មិនត្រូវឲ្យកើតមានករណី ជនឆ្លៀតឱកាសរំលោភ ឬធ្វើរបងបិទផ្លូវសាធារណៈ ដែលប៉ះពាល់ដល់ផលប្រយោជន៍រួម របស់ប្រជាពលរដ្ឋតទៅទៀតឡើយ ។
ការដាក់ចេញបទបញ្ជារបស់សម្ដេចតេជោ បែបនេះធ្វើឡើងបន្ទាប់ពីអភិបាលខេត្តកែប បានបញ្ជាឲ្យគណៈបញ្ជាការឯកភាព រដ្ឋបាលក្រុង សហការជាមួយស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានអាវុធហត្ថខេត្ត អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ចុះរុះរើរបងថ្ម និងទ្វារដែក ដែលបាន សាងសង់ គ្មានច្បាប់អនុញ្ញាត បិទផ្លូវប្រជាពលរដ្ឋធ្លាប់ធ្វើដំណើរ ឆ្លងកាត់នៅតំបន់ស្រែអំបិល ហើយកំពុង មានទំនាស់ជាប់បណ្ដឹង មានទីតាំងស្ថិត នៅក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ។
តាមរយៈការខមិនក្នុងបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៦ មករានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសសើរចំណាត់ការ របស់អភិបាលខេត្តកែប ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន ។
សម្ដេចបន្តថា តាមហេតុការដែលបានកើតកន្លងមកនេះ អាជ្ញាធរគួរតែរើរបងនេះ ចោលតាំងពីពេលរបងនេះ ចាប់ផ្តើមធ្វើមកម្លេះ ហើយអ្នកធ្វើរបងបិទផ្លូវសាធារណៈ គួរតែត្រូវបានអប់រំ ឬវិធានការរដ្ឋបាលតាំងពីដំបូង។ សម្ដេចថា យើងមិនត្រូវទុកឱ្យបុគ្គលម្នាក់ ឬ២នាក់បំផ្លាញផលប្រយោជន៍ របស់ប្រជាជនច្រើននាក់នោះឡើយ» ។
សម្ដេចតេជោ សង្កត់ធ្ងន់ថា «ថ្ងៃក្រោយមិនត្រូវឱ្យមានរឿងបែបនេះ កើតឡើងទៀតទេមិនត្រឹមតែខេត្តកែបប៉ុណ្ណោះទេ គឺត្រូវធ្វើនៅគ្រប់ខេត្តទាំងអស់» ។
ទាក់ទិនករណីនេះលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់តាមហ្វេសប៊ុក កាលពីម្សិលមិញថា ការចុះរុះរើនេះ គឺដើម្បីរក្សាស្ថានភាពដើម និងបើកផ្លូវសាធារណៈ ជូនដល់ប្រជាពលរដ្ឋ មហាជន សម្រាប់ប្រើប្រាស់ជា ផលប្រយោជន៍សាធារណៈ ។
លោកអភិបាលខេត្ត បានអំពាវនាវដល់ សាធារណជនទូទៅកុំប្រព្រឹត្ត និងយកគំរូតាមករណី ការឆ្លៀតឱកាសបែបនេះ ដែលមើលឃើញតែផលប្រយោជន៍ផ្ទាល់ខ្លួន ហើយធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ផលប្រយោជន៍សាធារណៈ ។
លោកអភិបាលខេត្តបន្ថែមថា ក្នុងករណីនេះមានការអបអរសាទរ ពីសំណាក់ប្រជាពលរដ្ឋ ដែលពួកគាត់ធ្លាប់អាស្រ័យផលលើផ្លូវនេះ ហើយពួកគាត់គាំទ្រចំណាត់ការរបស់អាជ្ញាធរ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ចំពោះអ្វីដែលជាផលប្រយោជន៍សាធារណៈរបស់រដ្ឋ ៕
សូមចុចលីងខាងក្រោមនេះ ដើម្បីទស្សនាវីដេអូ៖
https://web.facebook.com/obnasianews/videos/1602944463222136/