ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យកងកម្លាំងសមត្ថកិច្ច ពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ពិសេស ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវចាត់វិធានការបន្ទាន់ដើម្បីចុះត្រួតពិនិត្យ និងលុបបំបាត់យានយន្ដកែច្នៃបំពង់ស៊ីម៉ាំង បង្កសំឡេងរំខានដល់ការ រស់នៅរបស់ប្រជាពលរដ្ឋ ។
យោងតាមសេចក្ដីណែនាំ របស់ក្រសួងមហាផ្ទៃ ស្ដីពីការលុបបំបាត់ការបង្កសំឡេងរំខាន លើសកម្រិតដោយយានយន្តគ្រប់ប្រភេទ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានជាធរមាន សំដៅលុបបំបាត់រាល់សកម្មភាព បែបអនាធិបតេយ្យក្នុងការ បញ្ជាយានយន្តគ្រប់ប្រភេទ ដែលបង្កសម្លេងរំខានលើសកម្រិតកំណត់ និងដើម្បី លើកកម្ពស់សេចក្តីថ្លៃថ្នូរក្នុងសង្គម ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដូចខាងក្រោម៖
១.គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ និងរដ្ឋបាលឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ធ្វើការ អប់រំណែនាំ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ ចំពោះអ្នកប្រើប្រាស់យានយន្តកែច្នៃបំពង់ស៊ីម៉ាំង ឬដោះបំពង់ស៊ីម៉ាំងឲ្យបញ្ឈប់សកម្មភាព បង្កសម្លេងរំខានដល់អារម្មណ៍ប្រជាពលរដ្ឋ ដោយត្រូវយកយានយន្តទៅបំពាក់បំពង់ស៊ីម៉ាំង ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីធានា កម្រិតសម្លេងមិនឲ្យលើសពីការកំណត់។ ទន្ទឹមនោះ ត្រូវអប់រំសីលធម៌ សុជីវធម៌ក្នុងការបញ្ហា យានយន្តចំពោះអ្នកប្រើប្រាស់យានយន្ត ដែលមានកម្រិតសម្លេងខ្លាំង ដើម្បីជៀសវៀងការធ្វើ ឲ្យប៉ះពាល់ដល់អារម្មណ៍ និងសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងរក្សាបាននូវសេចក្តីថ្លៃថ្នូរ ក្នុងសង្គម។
២.គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលមានស្នងការដ្ឋាននរបាលរាជធានី-ខេត្ត អធិការ ដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌ ជាសេនាធិការ ត្រូវចុះត្រួតពិនិត្យ និងធ្វើការអប់រំណែនាំដល់ម្ចាស់ទីតាំងកែច្នៃយានយន្ដ ឲ្យបញ្ឈប់រាល់កែច្នៃយានយន្ដខុសបច្ចេកទេស ។ ក្នុងករណីបន្ដលបលួចកែច្នៃ ត្រូវចាត់វិធានការដ្ឋបាល និងវិធានការ ច្បាប់ឲ្យបានម៉ឺងម៉ាត់។
៣.កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ថ្នាក់ ពិសេស ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវចាត់វិធានការបន្ទាន់ ណែនាំដល់កម្លាំងដែល មានសមត្ថកិច្ចក្រោមឱវាទទាំងអស់ ធ្វើការត្រួតពិនិត្យ និងលុបបំ បាត់ឲ្យបានរាល់ការប្រើប្រាស់យានយន្ដកែច្នៃបំពងស៊ីម៉ាំង ឬដោះបំពង់ស៊ីម៉ាំង និងណែនាំដល់អ្នកបញ្ជាយានយន្ដបង្ក សម្លេងរំខានដល់ប្រជាពលរដ្ឋ ដោយត្រូវ៖
-យកចិត្តទុកដាក់ត្រួតពិនិត្យលើដងផ្លូវ ទីប្រជុំជន និងធ្វើការឃាត់អប់រំជាបឋម ឲ្យបញ្ឈប់សកម្មភាព ព្រមទាំងធ្វើកិច្ចសន្យាយកយានយន្ត ទៅបំពាក់បំពង់ស៊ីម៉ាំងតាមលក្ខណៈ បច្ចេកទេសឲ្យបានត្រឹមត្រូវ។ ទន្ទឹមនោះ ត្រូវណែនាំអំពីសីលធម៌ សុជីវធម៌ក្នុងការបញ្ហា យានយន្តចំពោះអ្នកប្រើប្រាស់ យានយន្តដែលមានកម្រិតសម្លេងខ្លាំង ដើម្បីជៀសវៀងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ និងសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋទូទៅ និងរក្សាបានភាពថ្លៃថ្នូរក្នុងសង្គម
-ណែនាំដល់កម្លាំងមានសមត្ថកិច្ច ត្រូវបំពេញតាមតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងគ្មានការលើកលែង ៕