ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានចេញរបាយការណ៍លម្អិត ជុំវិញប្រតិបត្តិការបង្ក្រាបខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់លោក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាលនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រហូតដល់ឃាតកត្រូវបានបាញ់សម្លាប់ នៅនិងកន្លែងព្រោះតែមិនព្រមប្រគល់ខ្លួន ថែមទាំងបាញ់តដៃជាមួយសមត្ថកិច្ច ។
សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០០និង០៥នាទីយប់រំលងអាធ្រាត ដោយផ្ដើមចេញពីរឿងគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច ខ្មាន់កាំភ្លើងឈ្មោះ អ៊ា ណារ៉េន ហៅ រ៉េន បានដកកាំភ្លើងបាញ់សម្លាប់លោក រ៉េត ស៊ីណែត នៅចំណុចមុខផ្ទះសំណាក់សំាងហ័រទៀន ផ្លូវសហពន្ធ័រុស្សី ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្រោយពីមានហេតុការណ៍ បាញ់សម្លាប់មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កែ ចាន់មាន ភេទប្រុស អាយុ ២៥ឆ្នាំ (អ្នកបើករថយន្ត) នៅចំណុចផ្ទះជួលក្បែរវត្តទួលតាឯក ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចំណែកបក្សពួកម្នាក់ទៀតឈ្មោះ អ៊ា ណារ៉េន ហៅ រ៉េន ភេទប្រុស អាយុ ៣៨ឆ្នាំ បានគេចទៅលាក់ខ្លួននៅក្នុងភូមិសាស្រ្តខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ។
រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវឈានដល់កំណត់ បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ហើយបានសហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ស្នងការដ្ឋានគរបាលខេត្តក្រចេះ និងខេត្តស្ទឹងត្រែង អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក លិ សុផា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។
នៅវេលាម៉ោង ១៧និង៤៦នាទី កម្លាំងសមត្ថកិច្ចយើងបានប្រទះឃើញ ជនសង្ស័យនៅចំណុចមាត់អូរជាប់ជើងភ្នំ អូរកណ្តៀរ ក្នុងដីចំការស្វាយចន្ទី ស្តិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ហើយសមត្ថកិច្ចយើងបានឲ្យ ជនសង្ស័យប្រគល់ខ្លួនតាមសម្រួល ប៉ុន្តែខណៈពេលនោះជនសង្ស័យ រឹងរូសមិនព្រមប្រគល់ខ្លួន និងបានបាញ់មកលើសមត្ថកិច្ចយើង ភ្លាមនោះសមត្ថកិច្ចយើងបានប្រើសិទ្ធិការពារខ្លួន ដោយបាញ់តបតគ្នាទៅវិញទៅមក បណ្តាលឲ្យជនសង្ស័យឈ្មោះ អ៊ា ណារ៉េន ស្លាប់នៅហ្នឹងកន្លែងកើតហេតុតែម្តង។
វត្ថុតាងដកហូតមាន អាវុធខ្លីមួយដើម ម៉ាក CZ 75B លេខ 5493V ពណ៌ទឹកប្រាក់ មួយដើម ។ បច្ចុប្បន្នសាកសពបានប្រគល់ ឲ្យធិការដ្ឋាននគរបាលស្រុកសំបូរ និងអាជ្ញាធរឃុំ ដើម្បីចាត់ចែងតាមនីតិវិធី ៕