គាស់តូបអ្នកផ្សាវភ្ជាវ លួចខោអាវជាង ៣០០សម្រាប់ ចុងក្រោយត្រូវសមត្ថកិច្ចក្របួចជាប់

0

ភ្នំពេញ៖ កាលពីថ្ងៃទី​១៤​ ខែ​មករា​ ឆ្នាំ​២០២១​ វេលាម៉ោង​ ១០​និង៥៤នាទី​ នៅ​ចំណុច​ផ្ទះ​សំណាក់​មួយកន្លែង ស្ថិតក្នុងភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់​ដំបង​ ខេត្ត​បាត់ដំបង​ អនុវត្តន៍​តាម​ការ​ណែនាំ​របស់​លោកឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងយោបល់​លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ ព្រមទាំងបានការ​សម្របសម្រួល​លើ​នីតិវិធី​ពី​ លោក​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ លោក​វរសេនីយ៍​ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​ អនុ​វត្តដីកាបញ្ជា​ឱ្យចូល​ខ្លួន​លេខ​ ០២​ អ.យ​ ចុះ​ថ្ងៃទី​១៣​ ខែ​មករា​ ឆ្នាំ​២០២១ ​បញ្ជាឲ្យនាំខ្លួន​ជនសង្ស័​យ​​ ឈ្មោះ​ អឿត​ ពេក​ ភេទប្រុស​ អាយុ​ ៣១​ឆ្នាំ​ មានទីលំនៅ​មិន​ពិតប្រាកដ​ ពាក់ព័ន្ធ​នឹង​ករណី​ លួច​​មាន​ស្ថានទម្ងន់​ទោស​ (​គាស់តូប​លក់​ខោអាវ​ )​ ប្រព្រឹត្តនៅ​ចំណុច​ផ្សា​រ​ភ្ជាវ​ ឃុំ​ត្រែង​ ស្រុក​រតនៈ​មណ្ឌល​ ខេត្តបាត់ដំបង​ កាលពី​ថ្ងៃទី​១០​ ខែ​ធ្នូ​​ ឆ្នាំ​២០២០​ ។

សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ​២០២០ ជនសង័្សយ បាន​ធ្វើសកម្មភាព​គាស់​​សោរ​ទ្វារ តូប​លក់ខោអាវនិងលួច​យក​ ខោ​អាវ​របស់​ជនរងគ្រោះ​ឈ្មោះ​ អ៊ុក​ ស្រី​អូន​ ភេទ​ស្រី​ អាយុ​ ៥០​ឆ្នាំ​ មានទីលំនៅ​ភូមិ​ភ្ជាវ​ ឃុំ​ត្រែង​ ស្រុក​រតនៈ​មណ្ឌល​ ខេត្តបាត់ដំបង​ យកបានសម្ភារៈ​មាន​៖​ ខោ​ចំនួន​ ៣០០​ ខោ​, អាវ​ចំនួន​ ៥០​អាវ​ សរុប​ជា​ប្រាក់​អស់​ ប្រហែល​ ១៤,០០០,​០០០​ រៀល​ (ដប់បួនលានរៀល)។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាល ធ្វើការ​ស្រាវជ្រាវរហូតឈានទៅ កំណត់មុខសញ្ញាបាន​និងរៀបចំសំណុំរឿង បញ្ជូនទៅអយ្យការអម​សាលាដំបូងខេត្តបាត់ដំបង​ អនុវត្តតាមនីតិវិធី ។ បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​ កំពុង​កសាងសំណុំរឿងបន្ថែម​ដើម្បី​បញ្ជូន​ ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ ចាត់ការ​បន្ត​តាមនីតិវិធី​ ៕