ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តឧត្តរមានជ័យ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានបន្តការងារចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងធ្វើការត្រួតពិនិត្យទំនិញដែលជាគ្រឿងឧបភោគ នៅផ្សាថ្មីអន្លង់វែង ស្ថិតក្នុងភូមិអូរចិញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋម ទៅលើគំរូម្ហូបអាហារចំនួន ១៤គំរូដូចជា៖ ពពុះសណ្ដែក នំបញ្ចុក បាញ់កញ់ មីសួរ សរសៃលត ណែមសាច់ត្រី និងណែមត្រចៀកជ្រូក ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យ រកភាពមិនអនុលោមរបស់ទំនិញ នៅលើសម្បកវេចខ្ចប់ផងដែរ។
ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញផ្ទុកសារធាតុគីមី ហាមឃាត់បូរ៉ាក់រួមមាន៖
-ពុះសណ្ដែក ចំនួន ១២ គីឡូក្រាម
-បាញ់កាញ់ ចំនួន ២.៥ គីឡូក្រាម។
សរុបដកហូតបានចំនួន ១៤.៥០គីឡូក្រាម។
បន្ទាប់មកមន្រ្តីជំនាញបានធ្វើកំណត់ហេតុ ដកហូតផលិតផលទាំងនោះ មករក្សាទុកដើម្បីដុតកម្ទេចចោលនា ពេលក្រោយតាមនីតិវិធី។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើ ការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕