សាហាវ! គូសង្សារជនជាតិចិន ២នាក់ ត្រូវជនសង្ស័យជួលបន្ទប់ក្នុងខុនដូ ជាមួយរៀបផែនការ រឹតកសម្លាប់ប្លន់យកលុយ(Video)

0

ភ្នំពេញ៖ គូសង្សារ ២នាក់ ជាជនជាតិចិន ត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ២នាក់ ដែលជួលបន្ទប់ក្នុងខុនដូ LH RESIDENCE ជាមួយរៀបចំផែនការ សម្លាប់ប្លន់យកទ្រព្យសម្បត្តិ យ៉ាងសាហាវព្រៃផ្សៃ ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះមកពិនិត្យ កាលពីល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ក្នុងបន្ទប់លេខ A1003 ជាន់ទី១០ នៅខុនដូ LH RESIDENCE ស្ថិតនៅផ្លូវលេខ៩ ភូមិ៥ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង ២នាក់មានឈ្មោះ៖ ១-CAO RUIXIN ជនជាតិចិន ភេទស្រី អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ជាមិត្តស្រីជនរងគ្រោះ, ២-XIO BO ជនជាតិចិន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរប្រធានក្រុមហ៊ុនផលិតដែក ស្នាក់នៅខុនដូកើតហេតុ។

ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចបានដាក់ការ សង្ស័យថាជាឃាតកម្មប្លន់យកលុយ ពីជនរងគ្រោះដោយជនសង្ស័យប្រុសចំនួន ២នាក់ ដែលម្នាក់ប្រើកាំភ្លើងខ្លីភ្ជង់បុរសជនរងគ្រោះ និងជនសង្ស័យម្នាក់ទៀត យកកាំបិតភ្ជង់ស្រ្តីរងគ្រោះ។ ជនសង្ស័យបានជួលបន្ទប់ក្នុងខុនដូ LH RESIDENCE នៅជាន់ទី៩ និងបានរៀបចំផែនការយ៉ាងម៉ត់ចត់បំផុត មុនធ្វើសកម្មភាពប្លន់ ។

បើការបញ្ជាក់ពីវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច្ច័យ បានឲ្យដឹងថា ករណីឃាតកម្មនេះដោយបុរសរងគ្រោះ ត្រូវបានជនសង្ស័យប្រើខ្សែគោ ចងរឹតកបណ្ដាលឲ្យស្លាប់ រួចអូសចូលក្នុងបន្ទប់ទឹក។ ចំណែកស្រ្តីរងគ្រោះ ត្រូវជនសង្ស័យយកក្រណាត់ ដាក់ចូលមាត់រួចយកស្កុតបិទមាត់ ច្រមុះ ភ្នែកជិត ធ្វើឲ្យដាច់ខ្យល់ស្លាប់ ។ ដោយខ្លាចជនរងគ្រោះរើ ជនសង្ស័យក៏យកខ្សែគោរុំជើងទាំងសងខាង កុំឲ្យដើរ ឬលោតបាន រួចជនសង្ស័យចាក់សោទ្វារ ហើយចាកចេញទៅបាត់។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ រង់ចាំសាច់ញាតិមកទទួលយក ទៅស្រុកកំណើតវិញ។ ចំណែកជនសង្ស័យ កម្លាំងសមត្ថកិច្ចកំពុង ស្រាវជ្រាវតាមចាប់ខ្លួន យកមកចាត់ការតាមផ្លូវច្បាប់ ៕

សូមចុចលីងខាងក្រោមនេះ ដើម្បីទស្សនាវីដេអូ៖

https://web.facebook.com/obnasianews/videos/823633535083915/