អ្នកចាញ់ដេកពេទ្យ អ្នកឈ្នះដេកគុក! វៃខ្នោះក្មេងទំនើង ៣នាក់ ក្រោយដេញកាប់បុរសចំណាស់ម្នាក់ បណ្ដាលឲ្យរបួស

0

ភ្នំពេញ៖ កម្លាំងនគរបាលខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្រោយធ្វើសកម្មភាពកាប់បុរសចំណាស់ម្នាក់ បណ្ដាលឲ្យរងរបួស ។

ប្រតិបត្តិការនេះធ្វើឡើង កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបងខេត្ត​បាត់ដំបង​ អនុវត្តន៍តាមបទបញ្ជារបស់លោក​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នៃ ស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ និងដោយ​បាន​ការ​សម្របសម្រួល លើនីតិវិធី​ពី​លោក​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អមសាលា​ដំ បូង​ខេត្ត​បាត់ដំបង ​លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែផែនការងារនគរបាលព្រហ្មទ័ណ្ឌ​ បានឱ្យកម្លាំងនគរបាលក្នុងផែនដែល មានលោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍បង្ការបង្ក្រាប ចុះប្រតិបត្តិការ​បង្ក្រាបករណី ហិង្សាដោយ​ចេតនាមានស្ថានទម្ងន់ទោស (កាប់ដោយកាំបិត ) ១ករណីដោយបានធ្វើការនាំខ្លួន ជនសង្ស័យចំនួន ៣​នាក់​មក កាន់ស្នងការដ្ឋានដើម្បីធ្វើការស្រាវជ្រាវ ។

ជនសង្ស័យទាំង ៣នាក់រួមមាន៖ ១-ឈ្មោះ ហ៊ាង គឹមហាង ហៅជ្រុយ ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅ​ភូមិព្រែកខ្ពប ឃុំព្រែក ខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ២-ឈ្មោះ ចាយ ដូ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ៣-ឈ្មោះ ឆាំ សំបូរ ហៅ ទីន ភេទប្រុ​ស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិស្វាយស ឃុំត្រែង ស្រុករតនៈម​ណ្ឌល​ ខេត្តបាត់ដំបង ។

សូមរំលឹកថា​ កាលពីថ្ងៃទី១២ ខែ​មករា ឆ្នាំ២០២១ វេលាម៉ោង ១៤​និង៣០នាទី នៅចំ​ណុច​ក្នុងបរិ​វេណ​ស្ថានីយ៍រថភ្លើង ស្ថិតក្នុងភូមិកម្មករ សង្កាត់​ស្វាយប៉ោ ក្រុងបាត់ដំបងខេត្ត​បាត់ដំបង​ ក្រុមជនសង្ស័យខាងលើ​បានធ្វើសកម្មភាព ប្រើហិង្សាកាប់ដោយកាំបិត លើជនរងគ្រោះឈ្មោះ ឡុង ញើង ភេទប្រុ​ស អាយុ៤២ ឆ្នាំ មានទីលំនៅ​ភូមិ​កំ​ពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់​ដំ​បង ខេត្តបាត់ដំបង បណ្តាលឱ្យរងរបួស ។

ក្រោយកើតហេតុជនរងគ្រោះ បាន​ដាក់ពាក្យបណ្តឹង មកសមត្ថកិច្ចនគរ​បាលហើយ ​ឆ្លងតាម រយៈការស្រាវជ្រាវ និងអនុវត្តតាមបទបញ្ជា របស់លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ នគរបាលខេត្តបាត់ដំបង​ ទើបឈានដល់ការឃាត់ខ្លួនជនសង័្សយខាងលើមកធ្វើការស្រាវជ្រាវ។

វត្ថុតាងដកហូតរួមមាន៖ កាំបិតកែច្នៃ ១ដើម, ផ្លែរណាសម្រាប់អារទឹកកក១ និងដែកឆាប ១ ។

បច្ចុប្បន្នកម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ៕