ភ្នំពេញ៖ លោកវរសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោងបានស្លាប់បាត់បង់ជីវិត និងនាយទាហានម្នាក់ទៀត រងរបួសធ្ងន់ ក្នុងឧបទ្ទវហេតុ ធ្លាក់ឆត្រយោង នៅសាលាហ្វឹកហ្វឺន ទ័ពពិសេសតេជោសែនឱរ៉ាល់ កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ ។
បញ្ជាការដ្ឋានទ័ពពិសេស បានបញ្ជាក់លើហ្វេសប៊ុក នៅរសៀលថ្ងៃនេះយ៉ាងដូច្នេះថា «សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ដែលចាប់ពីពេលនេះតទៅ យើងបានបាត់បង់នាយទាហាន ដ៏ល្អមួយរូបជារាងរហូតហើយ: សូមបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី 14/01/2021 លោកវរសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង និងក្រុមគ្រូផ្សេងទៀតចំនួន 13 នាក់បានអនុវត្តលោតឆត្របញ្ជា សម្តែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្មុង់ដូរជំនាន់ទី10 វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី29 និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី30 នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែនឱរ៉ាល់ដោយលោក វីរ:សេនីយ៍ត្រី លឹម សាយ បានខុសលក្ខណៈបច្ចេកទេសក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់រងរបួសធ្ងន់ បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅ សង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង12:30 នាទីទើ បអង្គភាពទទួលបានដំណឹងថា លោកវរ:សេនីយ៍ត្រី លឹមសាយ បានពលីជីវិតទៅហើយ» ។
បញ្ជាការដ្ឋានទ័ពពិសេស បញ្ជាក់បន្ថែមថា ពេលនេះក្រុមគ្រួសារបានស្នើសុំ យកសពលោកទៅធ្វើបុណ្យតាមប្រពៃណី ឯស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង ហើយអង្គភាពនិងនាយទាហាន ពលទាហាននៃបញ្ជាការដ្ឋានទ័ពពិសេស ចូលរួមកម្មវិធីបុណ្យសពតាមប្រពៃណី ។