ភ្នំពេញ៖ បុរស ២នាក់ផឹកស៊ីជាមួយគ្នា បានមួយសន្ទុះស្រវឹងស្រឿងៗ ជជែកពីរឿងអាយុបង អាយុប្អូន បង្កជាទំនាស់ទាស់ពាក្យសម្តីគ្នា ធ្វើឲ្យបុរសម្នាក់ទប់កំហឹងមិនបាន ស្ទុះទៅទាញកាំបិតប៉័ងតោ កាប់លើគូរទំនាស់ បណ្ដាលឲ្យរងរបួសរយះក្បាលហូរឈាមស្រោចខ្លួន ។ ករណីហិង្សាដោយចេតនានេះ បានកើតឡើងកាលពីម៉ោង ៧យប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងភូមិទេពមន្ត្រី ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ សន កៅ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ត្រី មានទីលំនៅភូមិតាជេស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ចំណែកជនសង្ស័យឈ្មោះ សាត ផ្លូង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករឡឥដ្ឋ មានទីលំនៅភូមិទួលប៉ែន ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ។
បើតាមមន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាល បានឲ្យដឹងថា កាលពីម៉ោង៤រសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជនរងគ្រោះបានមកមើលម្តាយរបស់ខ្លួនមានជំងឺ នៅស្រុកកំណើតភូមិ/ឃុំកើតហេតុ ហើយបានអង្គុយផឹកស្រា ជាមួយបងរបស់ខ្លួនឈ្មោះ សន វ៉ា នៅលើគ្រែមុខផ្ទះ លុះដល់ ៦៖៣០នាទីល្ងាច ស្រាប់តែឃើញជនសង្ស័យជិះម៉ូតូឌុបឈ្មោះ នេត ហឿន ឡើងមកពីបឹង មានកាំបិតបុ័ងតោសៀតនៅនឹងម៉ូតូ ដោយស្គាល់ឈ្មោះ សន វ៉ា ជាម្ចាស់ផ្ទះ ជនសង្ស័យបានចូលទៅផឹកស្រាជាមួយជនរងគ្រោះ បានមួយសន្ទុះ ក៏មានទំនាស់ពាក្យសំដីជាមួយ ជនសង្ស័យពីរឿងអាយុបងអាយុប្អូន ឈានដល់មានការប្រតាយប្រតប់គ្នា ភ្លាមនោះ ជនសង្យ័យស្ទុះទៅយកកាំបិតបុ័ងតោ ដែលទុកនៅនឹងម៉ូតូ មកកាប់ជនរងគ្រោះត្រូវក្បាល ផ្នែកខាងក្រោយមួយកាំបិត បណ្តាលឲ្យមានរបួសស្នាម។ ក្រោយមកជនសង្យ័យបានរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះត្រូវបាន ក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ នៅរាជធានីភ្នំពេញតែម្ដង។
ក្រោយទទួលបានដំណឹងនេះភ្លាម កម្លាំងនគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ បានចុះ ដល់កន្លែង កើតហេតុ រួចកសាងឯកសារដើម្បីស្រាវជ្រាវ ចាប់ខ្លួនជនសង្ស័យចាត់ការតាមច្បាប់ ៕