យកម៉ូតូទៅលក់ បានលុយហើយ បែរជាមិនចង់ឲ្យម៉ូតូគេ ថែមទាំងចង់ជិះរត់ ត្រូវអ្នកទិញចាប់ដាក់រ៉ឺម៉ក បញ្ជូនឲ្យសមត្ថកិច្ច (Video)

0

ភ្នំពេញ៖ បុរសម្នាក់ បានយកម៉ូតូមួយគ្រឿងទៅលក់ ពេលទទួលបានលុយហើយ បែរជាឡាំប៉ា មិនចង់ប្រគល់ម៉ូតូឲ្យគេ ថែមទាំងរកទាញម៉ូតូបើករត់ ត្រូវអ្នកទិញនាំគ្នាចាប់ លុះសមត្ថកិច្ចចុះមកដល់ ធ្វើប្រកាច់ទំនងជាបែកថ្នាំ ធ្វើមិនដឹងអី ស្រែកហៅម៉ែៗ រហូត។ ហេតុការណ៍កើតឡើងកាលពីរសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅចំណុច ផ្ទះទិញលក់ម៉ូតូមួយកន្លែង នៅម្តុំឃ្លាំងរំសេវ តាមផ្លូវលេខ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ខឿន ចំណាន ភេទប្រុស អាយុ៣១ឆ្នាំ មានលំនៅ ភូមិសាមក្អោក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ជិះម៉ូតូម៉ាកហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FP-9551។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ បានយកម៉ូតូ មួយគ្រឿង យកទៅបញ្ចាំនៅក្នុងកុងស៊ី មួយកន្លែងនៅក្បែរនោះ ។

លុះនៅថ្ងៃកើតហេតុ ក៏មានបំណង់ចង់យកម៉ូតូលក់វិញ ដោយនិយាយជាមួយ អ្នកគូកជេរម៉ូតូ ដើម្បីយកលុយទៅលោះម៉ូតូពីកុងស៊ី យកម៉ូតូទៅលក់វិញ នៅកន្លែង ទិញលក់ម៉ូតូខាងលើ។ អ្នកទិញ ក៏បានផ្ទៀងផ្ទាត់ម៉ូតូ និងកាត់គ្រីឃើញថា ត្រឹមត្រូវហើយក៏បានចរចារអោយតម្លៃ ៨២០ដុល្លារ ម្ចាស់ក៏បានព្រមលក់។ នៅពេល អោយអ្នកទិញប្រគល់ប្រាក់រួចរាល់ យកទៅចែកគ្នាជាមួយអ្នកគូកជេរមិនត្រូវគ្នា ហើយឡាំប៉ាមិនឲ្យម៉ូតូ ទៅអ្នកទិញថែមប្រុងទាញម៉ូតូជិះគេចខ្លួន ក៏ត្រូវបានអ្នកទិញនាំគ្នា ចាប់សែង ដាក់រ៉ឺម៉កបញ្ជូន ទៅកាន់ស្នាក់ការប៉ុស្តិ៍ទឹកល្អក់ទី៣ ៕