ភ្នំពេញ៖ កម្លាំងនគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកព្រៃឈរ បានឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅចំណុចវត្តមៀន ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រើវិធានការញុះញង់ ។ ក្នុងប្រតិបត្តិការនេះដែរ ដកហូតម្សៅក្រាមពណ៍សជាគ្រឿងញៀនចំនួន ៨៤កញ្ចប់ (ធំ ៥កញ្ចប់) ទូរស័ព្ទដៃ ៨គ្រឿង និងរថយន្តធំ ២គ្រឿង នាំមកសាកសួរ ។
ក្រោយពីទទួលបានចម្លើយសារភាព របស់ជនសង្ស័យទាំង ៨នាក់ខាងលើ សមត្ថកិច្ចជំនាញបានបន្តចុះទៅដល់ មូលដ្ឋានស្រុកស្អាង ខេត្តកណ្តាល និងឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់បន្ថែមទៀត ។
ជនសង្ស័យទាំង ៤នាក់នោះរួមមាន៖ ទី១-ឈ្មោះសឿន សោភ័ណ្ឌ ភេទស្រី អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្ននៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ទី២-ឈ្មោះឈន ឈីន ភេទប្រុស អាយុ៣០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ នៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ទី៣-ឈ្មោះ អ៊ុន លីហួរ ភេទប្រុស អាយុ១៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរសិស្ស នៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ និងទី៤-ឈ្មោះ អៃ អេ ភេទប្រុស អាយុ១៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
ក្នុងប្រតិបត្តិការនេះ ដកហូតម្ស៉ៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន ៤២កញ្ចប់ (ធំ៦កញ្ចប់) ទូស័ព្ទដៃចំនួន៥គ្រឿង រថយន្តចំនួន១គ្រឿង កាំភ្លើងកែច្នៃចំនួន១ដើម ស្រោមកាំភ្លើងK៥៤ ស្លាកលេខរថយន្ត ខេមរភូមិន្ទ២បន្ទ, អាយកូម១គ្រឿង អាវខេមរភូមិន្ទថ្នាក់ឧត្តមសេនីយ៍ត្រីក្លែងក្លាយចំនួន១សម្រាប់ និងថង់វេចខ្ចប់មួយចំនួនធំ។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំទៅធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕