ល្បិចថ្មីទៀតហើយ! បោកក្មេងថាខ្ចីម៉ូតូ ទៅយកលុយ រួចជិះគេចបាត់ស្រមោល

0

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាន នគរបាលស្រុកបវេល បានទទួលពាក្យបណ្តឹង ពីជនរងគ្រោះ១នាក់ឈ្មោះ ឡូញ សំណាង ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិដូនញ៉ែម ឃុំល្វា ស្រុកបវេល មានករណីឆបោកម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៏ខ្មៅ សេរីឆ្នាំ២០១៥ កើតឡើងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៩និង២០នាទី នៅចំនុចក្រុមទី០៦ ភូមិដូនញ៉ែម ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ដែលបង្ករឡើងដោយជនសង្ស័យ១នាក់ឈ្មោះ ឡែន ឡា ភេទប្រុស អាយុ២៦ឆ្នាំ បានប្រើល្បិចបិតម៉ាស់មុខ ទៅនិយាយប្រាប់ក្មេងម្ចាស់ផ្ទះថា សុំខ្ចីម៉ូតូទៅយកលុយ២០ម៉ឺន ហើយបានប្រាប់ក្មេងនោះ ថាអាញ់ខ្ចីពីម្តាយឯង ហើយម៉ូតូនេះ ធ្លាប់ខ្ចីច្រើនដងហើយ រួចក៏បានឌុបក្មេង ប្រុសទាំងពីរនាក់ បងប្អូន ទៅទំលាក់ទុក នៅចំនុចចុងភូមិរាមសេនា ឃុំល្វា ស្រុកបវេល ហើយក៏ជិះម៉ូតូគេចបាត់ទៅ។

ឆ្លងតាមការស្រាវជ្រាវ និងការបំភ្លឺពីអ្នកជិតខាង និងការចង្អុលបង្ហាញ របស់ឈ្មោះ សុខ ឡែន ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិដូនញ៉ែម ឃុំល្វា ស្រុកបវេល តាមរយៈរូបថតកាមេរ៉ា សុវត្ថិភាព ត្រូវជាឱពុកបង្កើត របស់ជនសង្ស័យ បានបញ្ជាក់ថារូបថត ដែលបានមកពីកាមេរ៉ា គឺជារូបថតកូនប្រុស របស់ខ្លួនពិតប្រាកដមែន។

ក្រោយពីធ្វើការស្រាវជ្រាវ ហើយបំភ្លឺសាក្សីជុំវិញ កន្លែងកើតហេតុនិងការចង្អុលបង្ហាញ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ វេលម៉ោង១១និង៤០នាទី កំលាំងជំនាញបានអញ្ចើញឈ្មោះ ឡែន ឡា មកធ្វើការសាកសួរ តែជនសង្ស័យ បានឆ្លើយបដិសេដ។

ដោយមានយោបល់ណែនាំពី ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត និងមានការអនុញ្ញាត្តិពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងនគរបាលស្រុក បានធ្វើការឃាត់ខ្លួន ជនសង្ស័យ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់ ៕