បុរសម្នាក់ ដែលគ្រាន់រឿងគ្រោះថ្នាក់ចរាចរណ៍ ដកកាំភ្លើងគំរាម និងអួតថាខ្លួនជាប៉េអឹមជាន់ខ្ពស់ តាមពិតត្រឹមជាបុគ្គលិករោងចក្រសោះ (Video)

0

ភ្នំពេញ៖ ពេលនេះដឹងការពិតច្បាស់ហើយ បុរសម្នាក់ដែលគ្រាន់តែ រឿងគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច ដកកាំភ្លើងគំរាម និងអួតអាងថាខ្លួនជា នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ តាមពិតត្រឹមតែជាបុគ្គលិក រោងចក្រកាត់ដេរតែប៉ុណ្ណោះ ។

សូមរំលឹកថា កាលពីវេលាទៀបភ្លឺថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ មានបុរសម្នាក់ដែលបានអះអាងថា ខ្លួនជានាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ បានដកកាំភ្លើងគំរាមយុវជនម្នាក់ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅផ្តុំផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ បើតាមការបញ្ជាក់ពីបុរសម្នាក់ សុំមិនបញ្ចេញឈ្មោះ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគាត់ឃើញរថយន្តព្រូស បើកបរដោយបុរសម្នាក់ ដែលមានកាំភ្លើងបានបើកឡាន ស្របគ្នាតាមបណ្តោយផ្លូវ៧៣ គៀនផ្សារធំថ្មី ហើយឃើញរថយន្ត បើកគៀរម៉ូតូបណ្តាលឲ្យដួល ហើយបានដកកាំភ្លើង ពីចង្កេះហើយស្រែកថា ហែងចង់យ៉ាងម៉េច ភ្លាមៗនោះជនរងគ្រោះ បានលើកដៃសុំ កុំបាញ់គាត់អី អ្នកដែលឃើញហេតុការណ៍ បានរត់មកជួយជនរងគ្រោះ ដែលដួលម៉ូតូ បានបាក់ដងកាំបិត និងត្រូវត្រង់ប្រអប់ជើង បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ បន្ទាប់មកអ្នកដែលបង្ករនៅតែបន្តសំញែង កាំភ្លើងនៅមុខសមត្ថកិច្ចដដែលៗ ទើបសមត្ថកិច្ចសុំដកទុកសិន ហើយជនបង្ករប្រគល់ឲ្យតសំបកកាំភ្លើង មិនប្រគល់គ្រាប់អោយនោះទេ ហើយបានស្រែកគំហកដាក់សមត្ថកិច្ចថែមទៀតផង ។

ពាក់ព័ន្ធករណីនេះដែរ តាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១៣ មករានេះ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ច្បាស់ៗថា បុគ្គលដែលបង្កហេតុដកកាំភ្លើង និងបានអះអាងខ្លួនជាអាវុធហត្ថ កើតហេតុនៅចំណុចផ្តុំផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ដែលមានឈ្មោះ សុខ ណាម៉ាលីដូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិករោងចក្រកាត់ដេរ ទីលំនៅផ្ទះលេខ១២អឺសូន្យ ផ្លូវលេខ៨៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានមន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោកឧត្ដមសេនីយ៍ត្រី បន្ថែមថា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ កងរាជអាវុធហត្ថ ក៏បានចេញសេចក្តីប្រកាសព័ត៌មាន និងបានបញ្ជាក់ច្បាស់ថា ក្នុងករណីបុគ្គលណាប្រព្រឹត្តល្មើសច្បាប់ ត្រូវតែបញ្ជូនបុគ្គលនោះ ទៅតុលាការផ្តន្ទាទោសតាមច្បាប់ ដូចទិសស្លោកដែលបានដាក់ចេញថា “ចំពោះប្រទេសជាតិត្រូវតែការពារ! ចំពោះប្រជាត្រូវតែបម្រើ! ច្បាប់ត្រូវតែគោរព! បទល្មើសត្រូវតែបង្ក្រាប!”។

ឆ្លៀតក្នុងឱកាសនេះ កងរាជអាវុធហត្ថ ក៏អំពាវនាវដល់បុគ្គលគ្រប់រូប ចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ៕