អ្នករត់កង់បីម្នាក់ចូល កោសជប់លើកទី១ មិនអស់ចិត្ត ចូលលើកទី២ ចេញមកវិញស្ដាយក្រោយ (Video)

0

ភ្នំពេញ៖ បុរសអ្នករត់ម៉ូតូកង់បីម្នាក់ ចូលទៅកោសជប់ចាប់សរសៃនៅទីតាំងទី១ មិនទាន់អស់ចិត្ត ក៏ចូលទៅទីតាំងទី២ មួយកន្លែងទៀត ស្រាប់តែចេញមកវិញ បាត់លុយអស់ ៧០០ដុល្លារ ។ ក្រោយបាត់លុយ បុរសរូបនេះបានទៅ ប្ដឹងនគរបាលប៉ុស្តិ៍កាកាបទី១ ឲ្យជួយអន្តរាគមន៍ ហើយភ្លាមៗនគរបាល បានចុះឃាត់ខ្លួននារីកោសជប់ ៣នាក់ យកសាកសួរនៅប៉ុស្តិ៍។

ករណីឃាត់ខ្លួននារីកោសជប់នោះ ធ្វើឡើងកាលពីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅក្នុងផ្ទះកោសជប់ចាប់សរសៃ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

បុរសខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណទេ មានអាយុជាង៣០ឆ្នាំ មុខរបររត់កង់បី ។ ចំណែកនារីកោសជប់ ក៏មិនទាន់ត្រូវបានស្គាល់ឈ្មោះដែរ ។

បុរសរងគ្រោះ បានរៀបរាប់ប្រាប់នគរបាលថា គាត់បានចូលកន្លែងកោសជប់ចាប់សរសៃ នៅតាមបណ្ដោយផ្លូវលេខ២០០៤ ចំនួន២កន្លែងជាបន្តបន្ទាប់ ប៉ុន្តែពេលចូលទីតាំងទី១ អត់បាត់លុយទេ ដោយមុននិងចាកចេញ គាត់មើលលុយគឺនៅទាំងអស់។ បន្ទាប់មកគាត់បានចូលទីតាំងទី២ទៀត ហើយបានស្រាតខោព្យួរនៅក្បែរមាត់ទ្វារបន្ទប់ លុះកោសជប់រួចរាល់យកខោស្លៀក ស្រាប់តែបាត់លុយអស់ ៧០០ដុល្លារ។ ពេលនោះគាត់បានសួរនាំទៅពួកនារីៗ ដែលជាអ្នកកោសជប់និងសុំយកលុយវិញ តែពួកនាងបានបដិសេធន៍ថាអត់ដឹងទេ ទើបគាត់សម្រេចចិត្តធ្វើដំណើរ ទៅប្ដឹងសុំឲ្យនគរបាលប៉ុស្តិ៍កាកាបទី១ ជួយអន្តរាគមន៍។

ទាក់ទិនករណីនេះដែរ បន្ទាប់ពីទទួលបានបណ្ដឹងពីបុរសអ្នករត់កង់បីនោះហើយ នគរបាលប៉ុស្តិ៍កាកាបទី១ ក៏បានចុះទីកាន់កន្លែងកើតហេតុ ឃាត់ខ្លួនពួកនារីកោសជប់ចំនួន ៣នាក់នាំយកទៅកាន់ប៉ុស្តិ៍ ដើម្បីសាកសួរបន្ត ហើយជំហ៊ានដំបូងពួកនាងបានបដិសេធន៍ថា ពុំបានដឹង និងពុំបានលួចនោះឡើយ ៕

mmcnews
mmcnews