ភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល បានស្រាវជ្រាវរកឃើញទីតាំងផ្ទះឈ្មោះ ឡុង ស៊ីម ភេទស្រី អាយុ៧១ឆ្នាំ មានទីលំនៅភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ភ្លាមនោះកម្លាំងធ្វើការបង្ក្រាបទីតាំងខាងលើ ប៉ុន្តែពេលសមត្ថកិច្ចទៅជិតដល់ ក៏ឃើញមានមនុស្សប្រហែល ៥ទៅ៦នាក់ សុទ្ធតែស្រីៗ និងចាស់ៗកំពុងលេង (បៀរ) ពេលឃើញសមត្ថកិច្ចអ្នកទាំងនោះក៏នាំគ្នារត់អស់បន្សល់ ទុកវត្ថុតាងរួមមាន៖ កម្រាលចំនួន១ និងបៀរចំនួន ៥២សន្លឹក បន្ទាប់មកសមត្ថកិច្ចចាប់យកវត្ថុតាងទាំងនោះ ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល រដ្ឋបាលព្រែកអំបិល ។
រហូតដល់ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្តិ៍បានកោះហៅឈ្មោះ ឡុង ស៊ីម ដែលជាម្ចាស់ផ្ទះ មកប៉ុស្តិ៍ព្រែកអំបិលប៉ុន្តែឈ្មោះ ឡុង ស៊ីម ជាមនុស្សចាស់ជរា មកមិនរួចកម្លាំងប៉ុស្តិ៍ក៏បានចុះទៅធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាដល់ផ្ទះគាត់ឱ្យបញ្ឈប់ការផ្តល់ទីតាំង និងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ។
ការចុះបង្ក្រាបល្បែងស៊ីសងនេះ ធ្វើឡើងបន្ទាប់ពីទទួលបាន ការរាយការណ៍ក្នុងប្រអប់សារ ផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាលថា «មានទីតាំងល្បែងស៊ីសងបៀរ នៅភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ព្រោះល្បែងស៊ីសងហ្នឹងលេងយូរហើយ អត់មានប៉ូលិសណាបង្ក្រាបបានឡើយ មិនដឹងថាមានមូលហេតុអ្វីនោះទេ នៅខាងជើងត្រើយត្រឹង ម្ដុំព្រមខេត្ត ផ្លូវលំចូលទៅក្នុង លេងបៀរ អត់មានអ្នកណាចាប់ទេពូ» ៕