លោកសង្ឃមួយអង្គ ចាប់កូនស្រីអ្នកស្រុកកំពង់ឆ្នាំងរំលោភ រួចរត់គេចមកសំងំនៅស្វាយរៀង

0

ភ្នំពេញ៖ លោកសង្ឃមួយអង្គ ហ៊ានប្រព្រឹត្ដអំពើអនាចារ្យ ចាប់សេពមេថុនធម្ម (រួមភេទ) លើកូនអ្នកស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង ហើយរត់គេចខ្លួនដល់ខេត្តស្វាយរៀង ត្រូវសមត្ថកិច្ចចុះទៅឃាត់ខ្លួន កាលពីរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១​ នៅក្នុងវត្តព្រៃខ្លូត (វត្ដច្រេស) ស្ថិតក្នុងភូមិត្រពាំងដៀលើ ឃុំច្រេស ស្រុកចន្ទ្រា។

បើតាមមន្រ្ដីនគរបាលបានឲ្យដឹងថា ការឃាត់ព្រះកាយភិក្ខុខាងលើនេះ បានធ្វើឡើង តាមដីកាលេខ ៤៥៣៥ ចេញដោយលោក ឡុង ស៊ីថា តំណាងអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំង ពាក់ពន្ធ័នឹងករណីរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោស នៅក្នុងវត្តសិរីសុវណ្ណ ហៅវត្តថ្មី ស្ថិតក្នុងភូមិអូរតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ​ការអនុវត្ដដីកានេះ គឺកម្លាំងចម្រុះបានដឹកនាំដោយ លោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងខេត្តស្វាយរៀង និងមាន​ការចូលរួមពី​លោក នេត សារឿន នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តស្វាយរៀង លោកស្រី សុដា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តកំពង់ឆ្នាំង ព្រះតេជព្រះគុណ ម៉ៅ សាវី ព្រះអនុគណស្រុកចន្ទ្រា លោក រាជ វីរៈ អធិការរងទទួលការងារព្រហ្មទណ្ឌស្រុក ក្រុមប្រឹក្សាឃុំ ​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រេស ព្រមទាំងគ្រូអាចារ្យ និងគណៈកម្មការវត្តច្រេស ជាច្រើនរូបផងដែរ។

ប្រភពដដែលបន្តថា ភិក្ខុទ្រុស្ដសីល ដែលឃាត់ខ្លួន មាន​នាម អ៊ន ឆៃរ៉ាក់ ​ព្រះជន្ម២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប៉ុន្ដែបច្ចុប្បន្នភិក្ខុអង្គនេះ បានមកគង់ នៅក្នុងវត្តព្រៃខ្លូត (វត្តច្រេស) ស្ថិតក្នុងភូមិត្រពាំងដៀលើ ឃុំច្រេស ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

ក្រោយពេលចាប់ផ្សឹករួចហើយ សមត្ថកិច្ចខេត្តស្វាយរៀង បានប្រគល់ជនសង័្សយ​ទៅឲ្យការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តកំពង់ឆ្នាំង ដែលជាអ្នកកាន់សំណុំរឿង ដើម្បីចាត់ការបន្តតាមច្បាប់ ៕