ភ្នំពេញ៖ លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ទុះការរិះគន់ខ្លាំងៗ រឿងចាប់ម៉ូតូធំកែច្នៃបំពង់ស៊ីម៉ាំងថា មិនមែនលើកទី១ទេ ដែលការងារធ្វើមិនច្បាស់លាស់ ធ្វើឲ្យតែរាស្ត្រក្ដៅក្រហាយ និងបញ្ជាក់ខ្លីថា ស៊ីម៉ាំងលឺសំឡេង មិនងាប់ដូចគ្រឿងញៀនទេ ។
ការចេញមករិះគន់ខ្លាំងៗ ពីសំណាក់លោកស្រី ហ៊ុន ស៊ីណាត បែបនេះ ធ្វើឡើងបន្ទាប់ពី មានសមត្ថកិច្ច បានចេញទៅអនុវត្តច្បាប់ រឿងម៉ូតូធំកែច្នៃ បំពង់ស៊ីម៉ាំង ហាក់ដូចជាផ្ទុយពីបទបញ្ជាថ្នាក់លើ ដែលបញ្ហានេះក៏ធ្វើឲ្យមាន មតិរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋ និងបន្ទាប់ពីលោកឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាកម្លាំងនគរបាលទាំង ១៤ខណ្ឌក្នុងរាជធានីភ្នំពេញ ផ្អាកសកម្មភាពចាប់ម៉ូតូធំ ដែលមានបំពង់ស៊ីម៉ាំងលឺខ្លាំង បង្កការរំខាន ដល់ប្រជាពលរដ្ឋជាបណ្ដោះអាសន្ន ។
ពាក់ព័ន្ធបញ្ហានេះលោកស្រី ហ៊ុន ស៊ីណាត បានសរសេរសារបង្ហោះលើ ហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានរិះគន់ចំៗទៅលើចំណាត់ការនេះថា «?មនមែនលើកទី១ទេ ដែលការងារធ្វើមិនច្បាស់លាស់ ធ្វើឲ្យតែរាស្ត្រក្ដៅក្រហាយ។ ម្យ៉ាងទៀតអាសំឡេងឮហ្នឹង វាមិនងាប់ដូចគ្រឿងញៀនទេ នាំគ្នាចាប់អាគ្រឿងញៀនទៅ ពេលនេះពេញវាលស្រែ កូនខ្មែរបន្តិចទៀតងាប់អស់ហើយ អស់លោកអើយ» ។
បើទោះបីជាយ៉ាងណាក៏ដោយ គេសង្កេតឃើញថា បន្ទាប់ពីលោកស្រី ហ៊ុន ស៊ីណាត បង្ហោះសារបែបនេះរួច ក៏មានអ្នកលេងបណ្ដាញសង្គមជាច្រើន បានសម្ដែងនូវការគាំទ្រ ចំពោះប្រសាសន៍របស់លោកស្រីផងដែរ ៕
សូមចុចលីង ខាងក្រោម ដើម្បីទស្សនាវីដេអូ៖https://www.facebook.com/obnasianews/videos/1003994150124729


