ឆ្នាំ២០២០ កម្ពុជា ប្រមូលចំណូលពន្ធ-អាករបានជិត ៣ពាន់លានដុល្លារ

0

ភ្នំពេញ៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា សរុបរយៈពេល ១២ខែ ឆ្នាំ២០២០ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានចំនួន ១១ ៧០០.៥២ប៊ីលានរៀល (ប្រមាណជា ២ ៨៨៩.០២លានដុល្លារអាមេរិក) ស្មើនឹង១០១.៣៦% នៃផែនការប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករប្រមូលបានក្នុងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ឃើញថាកើនឡើងចំនួន ៤២៣.២០ ប៊ីលានរៀល (ប្រមាណជា ១០៤,៤៩ លានដុល្លារអាមេរិក) ស្មើនឹង ៣.៧៣% ទោះក្នុងស្ថានភាពសេដ្ឋកិច្ចសាកល ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាមិនទាន់មានភាពប្រាកដប្រជា ជាពិសេស មានការទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ-១៩។

ការប្រកាសរបស់លោក គង់ វិបុល បែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២០ ព្រមទាំងលទ្ធផលការងារសំខាន់ៗ សម្រេចបានក្នុងឆ្នាំ២០២០ និងវិធានការសំខាន់ៗ សម្រាប់អនុវត្តបន្តក្នុងឆ្នាំ ២០២១ របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពរបស់លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

ក្នុងកិច្ចប្រជុំនោះលោក គង់ វិបុល បានថ្លែងថា លទ្ធផលជាទីមោទនៈនេះ គឺមិនអាចកាត់ផ្តាច់ចេញពី ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសការគ្រប់គ្រងស្ថានការណ៍នៃជំងឺកូវីដ-១៩ បានពេញលេញនិងមានប្រសិទ្ធិភាពខ្ពស់ក្នុងឆ្នាំ២០២០ កន្លងមក និងក្រោមការដឹកនាំចង្អុលបង្ហាញប្រកបដោយភាពឈ្លាសវៃ និងការដាក់ផែនការយ៉ាងមុតស្រួចរបស់ អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ទន្ទឹមគ្នានោះដែរសម្រាប់ឆ្នាំ ២០២១នេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគាំទ្រលើវិធានការដែលបានដាក់ចេញ របស់អគ្គនាយកដ្ឋានពន្ធដារ និងបានផ្តល់អនុសាសន៍សំខាន់ៗ ជាទិសដៅអនុវត្តបន្តដូចខាងក្រោម៖

១.ត្រូវយកចិត្តទុកដាក់ ពិនិត្យ និងសិក្សាលើលទ្ធភាពនៃ ការប្រមូលចំណូលដែលមាន សក្តានុពលផ្សេងទៀត ដោយគិតគូរទាំងទិដ្ឋភាពចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធ ដើម្បីធានាបាននូវអនុលោមភាពសារពើពន្ធ និងការប្រមូលចំណូលឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងនោះប្រភពចំណូលពីវិស័យ E-Commerce, វិស័យប្រេងកាតដែលជាសក្តានុពលថ្មី, វិស័យធនធនរ៉ែ ព្រមទាំងវិស័យដែលមាន សក្តានុពលមួយចំនួនទៀត។

២.រៀបចំកែសម្រួលបទប្បញ្ញតិ ក្នុងការកំណត់និយមន័យ សហគ្រាសធុនតូចនិងមធ្យម និងជំរុញសម្រួលលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមមកក្នុងប្រព័ន្ធ ក្នុងគោលដៅជំរុញកំណើន និងបង្កើតជាកាលានុវត្តភាពសេដ្ឋកិច្ច។

៣.ពង្រឹងការចុះបញ្ជីពន្ធដារ និងជំរុញការបំពេញកាតព្វកិច្ចសារពើពន្ធ សម្រាប់សហគ្រាសក្នុងវិស័យកាស៊ីណូ ដើម្បីធានាឱ្យបាននូវតម្លាភាពសារពើពន្ធ និងការគ្រប់គ្រងប្រមូលចំណូលពន្ធ ឱ្យបានជាអតិបរមា ។

៤.បន្តអនុវត្តកំណែទម្រង់ស្ថាប័ន ទំនើបកម្មរដ្ឋបាលសារពើពន្ធ-ប្រព័ន្ធបច្ចេកវិទ្យព័ត៌មាន ដោយធានាយ៉ាងណាបង្កភាពងាយស្រួល (User Friendly) សម្រាប់អ្នកជាប់ពន្ធនិងមន្ត្រី ព្រមទាំងពង្រឹងអនុលោមភាពសារពើពន្ធ ដើម្បីជំរុញប្រសិទ្ធភាព និងភាពប្រទាក់ក្រឡាក្នុងការបំពេញបេសកកម្ម គ្រប់គ្រងប្រមូលចំណូលពន្ធ ។

៥.បន្តអនុវត្តប្រកបដោយ ការយកចិត្តទុកដាក់នូវ យុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល ។

៦.បន្តពង្រឹងការអនុវត្តឱ្យមាន ប្រសិទ្ធភាពនូវការចុះបញ្ជីអាជីវកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (IT Platform) ស្របតាមខ្លឹមសារអនុក្រឹត្យលេខ ៨៤ អនក្រ.បក ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ។

៧.ពង្រឹងនិងយកចិត្តទុកដាក់ លើការធ្វើសវនកម្ម ស្របតាមខ្លឹមសារប្រកាសលេខ ២៧០ សហវ.ប្រក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ស្តីពីសវនកម្មពន្ធដារ ដែលជាជញ្ជីងវាស់នូវអនុលោមភាព របស់សហគ្រាស និងចៀសវាងការបង្កការ លំបាកដល់អ្នកជាប់ពន្ធ ។

៨.បន្តលើកកម្ពស់និងបញ្ជ្រាបវប្បធម៌បង់ពន្ធ ពង្រឹងការផ្សព្វផ្សាយ និងអនុវត្តបទប្បញ្ញត្តិថ្មីពាក់ព័ន្ធនឹងពន្ធដារ ជូនដល់មន្ត្រីអនុវត្តផ្ទាល់ អ្នកជាប់ពន្ធ និងសាធារណជន ដើម្បីពន្យល់និងដោះស្រាយការលំបាកនិងចម្ងល់របស់ប្រជាពលរដ្ឋ។

៩.បន្តកិច្ចសហការ និងពិគ្រោះយោបល់ ជាមួយវិស័យពាក់ព័ន្ធ ដើម្បីទទួលយកធាតុចូលក្នុងការសិក្សារៀបចំ និងកែលម្អ បទប្បញ្ញត្តិពាក់ព័ន្ធចាំបាច់នានា។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារគ្រប់លំដាប់ថ្នាក់ត្រូវប្រកាន់ខ្ជាប់នូវ បាវចនា-គោលការណ៍ រួមក្នុងការបំពេញការងារក្នុងនោះ (១) កៀរគរប្រមូលឱ្យអ្នកជាប់ពន្ធចូលក្នុងប្រព័ន្ធរួមមួយ (២) ធ្វើឱ្យអ្នកជាប់ពន្ធងាយស្រួលក្នុងការបង់ពន្ធ (៣) រៀបចំប្រព័ន្ធការងារឱ្យលំបាក សម្រាប់ការគេចវេះពន្ធ និង (៤) ធានាឱ្យបាននូវការប្រកួតប្រជែងដោយស្មើភាព សមធម៌ក្នុងការបង់ពន្ធ និងយុត្តិធម៌សង្គម ៕