ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់កាលពីល្ងាចថ្ងៃទី១១ មករាថា លទ្ធផលធ្វើតេសលើសំណាក សត្វមាន់ដែលងាប់ជាង ១០០០ក្បាល នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បង្ហាញថា គឺជាគ្រុនផ្តាសាយបក្សី (H5N1) ប៉ុន្តែប្រភេទជំងឺនេះ មិនប៉ះពាល់ដល់មនុស្សទេ ។
លោក ហូ ណាំ ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ បានប្រាប់ឲ្យដឹងថា “ត្រឹមរយៈពេល ៣ថ្ងៃ មាន់១៣០០ក្បាលឈឺងាប់គ្មានសល់”។
ពាក់ព័ន្ធករណីនេះដែរលោក ឈឹម វិជ្ជរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានមានប្រសាសន៍ថា លោកចុះទៅពិនិត្យដល់ទីកន្លែងហើយ បានយកវត្ថុសំណាកទៅ ធ្វើការវិភាគនៅភ្នំពេញ។
លោកបន្តថា ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ឈ្មោះ ហូ ណាំ ជាមន្ត្រីមន្ទីរសុខាភិបាលខេត្តបាត់ដំបង រស់នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ចិញ្ចឹមមាន់ ទាកាប៉ាជាលក្ខណៈគ្រួសារ ។ លោកថា ករណីមាន់ងាប់នេះកើតឡើងតាំងពីថ្ងទី៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ តែម្ចាស់កសិដ្ឋានមិនបានរាយការណ៍ មកជំនាញបសុព្យាបាលស្រុក និងខេត្តឲ្យចុះទៅជួយអន្តរាគមន៍ បាញ់ថ្នាំការពារទេ។
លោកបន្ថែមថា ចំពោះមាន់ដែលងាប់មិនមែន ៣ពាន់ក្បាលទេ គឺងាប់តែ ១.៣០០ក្បាលប៉ុណ្ណោះ ហើយជំនាញប្រាប់ឲ្យយកទៅកប់ចោល មិនឲ្យយកទៅលក់ឲ្យអ្នកទិញយកទៅហូបទេ ព្រមទាំងខាងជំនាញបានយក វត្ថុសំណាកផ្ញើទៅធ្វើកោសល្យវិច្ច័យនៅភ្នំពេញ រួចហើយព្រមទាំងជួយបាញ់ថ្នាំការពារ នៅជុំវិញបរិវេណកសិដ្ឋាននេះផងដែរ ។
លោកប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ បើឃើញមាន់ឈឺ ឬងាប់ខុសប្រក្រតី និងសង្ស័យកើតជម្ងឺផ្តាយសាយ ត្រូវរាយការណ៍ជាបន្ទាន់ មកកាន់អជ្ញាធរមូលដ្ឋាន និងមន្រ្តីការិយាល័យបក្សុព្យាបាល ឬមន្ទីរកសិកម្មផ្ទាល់ដើម្បីចុះអន្តារគមន៍ភ្លាមៗ ៕