ម្ចាស់ហាងលក់ទូរស័ព្ទដៃ គីម ហាប់ ចរចាតម្លៃមិនត្រូវគ្នា ចោទអតិថិជនថាជាចោរ ធ្វើឲ្យបុរសម្នាក់ប៊ិះអស់ជីវិត (Video)

0

ភ្នំពេញ៖ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ មានគណនីហ្វេសប៊ុកមួយឈ្មោះ «Sothea Ou» បានបង្ហោះរឿងរ៉ាវឈឺចាប់ និងបកអាក្រាត ចំពោះទង្វើម្ចាស់ហាងលក់ទូរស័ព្វដៃ គីម ហាប់ មានទីតាំងស្ថិតនៅផ្ទះលេខ៤២៨ មហាវិថីកម្ពុជាក្រោម ដែលធ្វើឲ្យលោកប៊ិះត្រូវគេវាយអស់ជីវិត ដោយសារតែម្ចាស់ហាង ចោទលោកថាជាចោរ គ្រាន់តែរឿងចរចាតម្លៃគ្នាមិនត្រូវ ។

គណនីហ្វេសប៊ុកនេះ បានសរសេរខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖

សូមប្រយ័ត្ន ! ហាងលក់ទូរស័ព្វដៃ គីម ហាប់ ផ្លូវកម្ពុជាក្រោម បានប្រើស្នៀត ស្ទើរតែគ្រោះថ្នាក់ ទន់ហន់ ដល់អតិថិជន ។ កាលពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ខ្ញុំបានជិះកង់ម្នាក់ឯង តាមបណ្តោយផ្លូវកម្ពុជាក្រោម ដើម្បីរកទិញទូរស័ព្ទ ហើយបានឈប់កង់ចូលទៅ ក្នុងហាងលក់ទូរស័ព្ទដៃ ទំនើប គីម ហាប់ (KIM HAB STORE ) ស្ថិតនៅ ផ្ទះលេខ ៤២៨ ផ្លូវ កម្ពុជាក្រោម ក្រុងភ្នំពេញ ក្នុងនោះមានបុរសម្នាក់ជាអ្នកលក់ ទូរស័ព្ទអាយុប្រហែល ៣០ ឆ្នំា មានមាឌស្តើង និងសហការីម្នាក់ អាយុប្រហែល២០ឆ្នាំ។

ដោយខ្ញុំ ធ្លាប់បានឃើញ នៅក្នុង Page របស់ហាងនេះ បង្ហាញថា មានលក់ទូរស័ព្ទដៃជាផលិតផល របស់ប្រទេសជប៉ុន (មានប្រព័ន្ធការពារជំរាបទឹក) ខ្ញុំបាន សួររកទូរស័ព្ទនោះ អ្នកលក់ ក៏បានយកទូរស័ព្ទបួន-ប្រាំគ្រឿងមកអោយមើល។ ភ្លាមខ្ញុំ ក៏បានពិនិត្យទូរស័ព្ទទាំងនោះ រួចបានយកមួយគ្រឿង មកតេស្តសំលេង ពិនិត្យមើលសំបក អេក្រង់ កាមេរ៉ា សេវា ។ បន្ទាប់មកក៏សុំតេស្ត ជំរាបទឹក អ្នកលក់ក៏យល់ព្រមហើយ ក៏បានប្រើសហការីរបស់ខ្លួនអោយចាក់ទឹកបន្តិច ចូលក្នុងប្រអប់ជ័រ រួចហុចមកអោយ ខ្ញុំក៏យកទូរស័ព្ទនោះ ដាក់ចូលក្នុងប្រអប់ជ័រ ផ្លុក ។ ភ្លាមនោះសហការី បានយកទូរស័ព្ទចេញពីប្រអប់ជ័រផ្លែតមក ជូត ខ្ញុំក៏ស្នើសុំ តេស្តជំរាបទឹករយៈពេល៥នាទី តែអ្នកលក់មិនអនុញ្ញាត ហើយក៏និយាយថា “ គ្រាន់តែរឿងទូរស័ព្ទប៉ុននឹងក៏ល្ងង់ដែរ” ខ្ញុំក៏ឆ្លើយវិញថា “ ខ្ញុំចង់ទិញទូរស័ព្ទដែលមានអាវគ្រោះការពារជំរាបទឹក ដូចដែល FaceBook Page របស់ហាងនេះ បានបង្ហាញ” ចំណែកឯអ្នកលក់ទូរស័ព្ទមិនឲ្យតេស្ត ហើយនៅតែបន្តនិយាយថា “ គ្រាន់តែរឿងទូរស័ព្ទប៉ុននឹងក៏ល្ងង់ដែរ” ខ្ញុំក៏និយាយថា៖ “ខ្ញុំអត់ទិញទូរស័ព្ទនេះទេ” ។

ភ្លាមនោះ អ្នកលក់បាននិយាយថា “បើមិនទិញគឺត្រូវបង់ថ្លៃសេវា” ខ្ញុំតបថា “ខ្ញុំមិនបង់ព្រោះខ្ញុំ មិនបានប្រើសេវាអ្វីនៅទីនេះទេ!” ពេលនោះអ្នកលក់និយាយថា៖ “ បើមិនបង់ថ្លៃសេវា……សាកមើលទៅដឹងហើយ …ខ្ញុំនិងហៅគេមកដោះស្រាយ” ខ្ញុំបានតបថា៖ “ហៅមកអីញ្ចឹង……ហៅប៉ូលីសមកផង” អ្នកលក់ទូរស័ព្ទតប៖ “ខ្ញុំនឹងហៅប៉ូលីសមកឥលូវនេះ” ខ្ញុំតប៖ “ អូខេ ខ្ញុំរង់ចាំ” ពេលនោះខ្ញុំអង្គុយ រង់ចាំមួយសន្ទុះ ក៏មានអារម្មណ៍ស្រេកទឹកហើយបាននិយាយទៅកាន់អ្នកលក់ទូរស័ព្ទថា៖ “ខ្ញុំរង់ចាំ ៥នាទីទៀតបើគ្មានអ្នកណាមកដោះស្រាយទេ ខ្ញុំទៅហើយ” ពេលនោះអ្នកលក់ទូរស័ព្ទក៏និយាយថា “កុំចង់ទៅណា…… ទៅណាមិនបានទេ……” ហើយក៏មកអង្គុយក្បែរខ្ញុំ ។

៥នាទីបានកន្លងផុតទៅ ខ្ញុំបាននិយាយថា៖ ” ខ្ញុំ ស្រេកទឹក ខ្ញុំទៅទិញទឹកផឹក” ពេលនោះ អ្នកលក់ទូរស័ព្វបានក្រោកមកឈរពាំងមុខខ្ញុំ ក្បែរទ្វារហាងហើយនិយាយថា ” កុំចង់គេចទៅណា…នៅទីនេះហើយ” ខ្ញុំក៏ក្រោកដើរហើយនិយាយថា ” ខ្ញុំមិនចង់គេចទៅណាទេ ខ្ញុំស្រេកទឹក ខ្ញុំទៅទិញទឹកផឹក បើមិនជឿដើរតាមមក” ពេលនោះអ្នកលក់ទូរស័ព្វក៏ស្ទុះទៅក្របួចកអាវខ្ញុំ ហើយរុញខ្ញុំបុកនឹងទ្វារ ធ្វើអោយខ្ញុំ ឈឺបន្តិចបន្តួច តែខ្ញុំមិនតដៃទេ ទោះដឹងថាខ្លួឯងមានកម្លាំង អាចចាប់លើកអ្នកលក់ទូរស័ព្ទបោះចោលក៏បានតែខ្ញុំមិនធ្វើព្រោះមិនចង់ប្រើហឹង្សា គ្រាន់តែព្យាយាមរើខ្លួន ចេញទៅក្រៅហាងដើម្បីទិញទឹកផឹក។ ពេលដែលកំពុងតែរើខ្លួនចេញពីទ្វារហាង អ្នកលក់ទូរស័ព្វ បានព្យាយាមមួលកអាវខ្ញុំហើយស្រែកយ៉ាងខ្លាំងៗថា “ចោរៗ……!!! …ចោរៗ……!!!…ចោរៗ………!!!” ពេលនោះ អ្នកធ្វើការនៅមុខហាង ហុងកុង បាញ់ថ្នាំម៉ូតូ ជាច្រើននាក់ ផ្អើល បានដាក់ការងារចុះហើយនាំគ្នាងាកមកមើលព្រោងព្រាត ចំណែកអ្នកធ្វើដំណើរតាមដងផ្លូវកម្ពុជាក្រោម ត្រង់ ចំណុចកើតហេតុ នោះបាននាំគ្នាឈប់ មានអ្នកខ្លះចុះពីលើម៉ូតូ ដោះមួកសុវត្ថិភាពពីក្បាល កាន់ណែនក្នុងដៃ ទំនងជាចង់វ៉ៃខ្ញុំហើយមនុស្សមួយចំនួនទៀតក៏មានឥរិយាបថចង់វ៉ៃដែរ ភ្លាមៗនោះ ខ្ញុំបានលើកដៃស្តាំ ចង្អុលម្រាមទាំងប្រាំសំដៅទៅអ្នកលក់ទូរស័ព្ទ ហើយស្រែកខ្លាំងៗថា “ បងប្អូន លឺហើយថា គាត់បានចោទខ្ញុំថាជា ចោរ……!!!…តើខ្ញុំជាចោរដូចដែលគាត់បានចោទដែរឬអត់……? ។

សូមបងប្អូនចាំបន្តិច ប៉ូលីសមកដល់ឥលូវហើយ” ខណៈនោះ មហាជនដែលកំពុងតែចោមរោមនៅឈរទ្រឹង ខ្ញុំក៏ដំណាលរឿងរ៉ាវក្នុងហាងប្រាប់មហាជនលឺៗ ស្រាប់តែអ្នកលក់ទូរស័ព្ទ ព្យាយាមទាញខ្ញុំចូលទៅក្នុងហាងវិញ តែខ្ញុំមិនទាន់ ចូលក្នុងហាងភ្លាមទេ ព្រោះខ្លាចផ្ទុះរឿងក្នុងហាង គេចោទបានតាមចិត្ត ពេលនោះស្រាប់តែមានបុរសម្នាក់ ចេញពីហាងក្បែនោះមកដក យកទូរស័ព្ទពីហោប៉ៅខ្ញុំ២គ្រឿង ខណៈនោះខ្ញុំបានចាប់យកទូរស័ព្ទទាំង ២នោះដាក់ក្នុងហោប៉ៅវិញ ហើយប្រាប់ទៅវិញថា៖ “ទូរស័ព្ទ ខ្ញុំតើ!” ហើយបុរស់ម្នាក់នោះបំរុងចាប់ខ្ញុំ មកឆែកឆេរ តែខ្ញុំក៏បាននិយាយថា “ពេលនេះមានតែប៉ូលីសទេដែលអាចប៉ះខ្លួនខ្ញុំបាន!” ឮដូច្នោះបុរសនោះក៏ដកខ្លួនចេញទៅវិញ ស្របពេលនោះដែរមានបុរសម្នាក់មាឌធំ អាយុប្រហែលជាជាង ៤០ឆ្នាំ ដុះក្បាលពោះបន្តិច និងប៉ូលីសម្នាក់ បានមកដល់។ ប៉ូលីស និងបុរសមាឌធំនោះបានហៅខ្ញុំចូលទៅដោះស្រាយគ្នាក្នុងហាងវិញ ខ្ញុំបានប្រាប់ថា “មានប៉ូលីសទៅជាមួយខ្ញុំ ទើបខ្ញុំព្រមចូលទៅក្នុងហាងដើម្បីដោះស្រាយគ្នាវិញ!” ពេលចូលដល់ក្នុងហាងបុរសមាឌធំ បានអង្គុយលើកៅអី យ៉ាងនឹងធឹងសហការីម្នាក់នៅខាងក្នុងកំពុងតែស្ដាប់ អ្នកលក់ទូរស័ព្ទ និងខ្ញុំដំណាល់រឿងប្រាប់ប៉ូលីសម្ដងម្នាក់ ក្រោយពីស្ដាប់ចប់សេចក្តី ប៉ូលិសបាននាំអ្នកលក់ទូរស័ព្ទ ចូលទៅក្រោយ ហើយមួយសន្ទុះក្រោយមកអ្នកទាំងពីរបានត្រលប់មកវិញ ។

បន្ទាប់ប៉ូលីសបានហៅខ្ញុំទៅក្រោយម្ដង ដើម្បីបញ្ចុះបញ្ចូលក្នុងគោល បំណងសម្របសម្រួល ដើម្បីបញ្ចប់រឿង ខ្ញុំក៏បានយល់ព្រមតាម ប៉ូលិសហើយដើរចេញមកក្រៅ ជាមួយប៉ូលីសវិញ និងសុំយកស៊ីមកាតរបស់ខ្លួនដែលបានដាក់តេស្តនៅក្នុង ទូរស័ព្ទដែលបំរុងនឹងទិញនោះ ហើយក៏លាប៉ូលីសដើរចេញក្រៅទៅ ។

ជាចុងក្រោយ គ្រាន់តែចង់ចែករំលែកបទពិសោធន៍ អាក្រក់មួយនេះដល់បងប្អូនឲ្យបានដឹង និងមានការប្រុងប្រយ័ត្ន កុំឲ្យជួបដូចខ្ញុំ ៕