យុវជន១ក្រុម កំពុងអង្គុយហូបប្រហិតចៀនសុខៗ ត្រូវក្មេងទំនើងរហស្សនាមក្រុម 98 ជិះម៉ូតូជាង ១០គ្រឿង មកកាប់ប្រហារផ្អើលទាំងយប់

0

ភ្នំពេញ៖ ក្មេងទំនើងមួយក្រុមមានរហស្សនាមថា ក្រុម98 ប្រដាប់ដោយដាវសាមូរ៉ៃ បានជិះម៉ូតូជាង ១០គ្រឿង ទៅកាប់យុវជនមួយក្រុមទៀតមានគ្នា ៥ទៅ៦នាក់ កំពុងអង្គុយហូបប្រហិតចៀន ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជាង ១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ តាមបណ្តោយផ្លូវអូរតែលសុខា នៅចំណុចសណ្ឋាគារសុខា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

បើតាមអ្នកនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះមានគ្នា ៥ទៅ៦នាក់ ជិះម៉ូតូចំនួន ២គ្រឿង ក្នុងនោះមានម៉ូតូហុងដាឌ្រីម សេ125 ពណ៌ខ្មៅស៊េរី2020 ពាក់ស្លាកលេខភ្នំពេញ 1IJ-1266 និងមួយគ្រឿងទៀតម៉ាកស៊ុយហ្ស៊ុយគីនិច ពាក់ស្លាកលេខកណ្តាល 1AC-8215 មកអង្គុយហូបចុកនៅកន្លែង លក់ប្រហិតចៀនមួយកន្លែង ក៏ស្រាបតែលេចមុខក្មេងទំនើងមួយក្រុម មានរហស្សនាមថាក្រុម98 មានគ្នាជាង២០នាក់ ជិះម៉ូតូជិត១០គ្រឿង ប្រដាប់ទៅដោយដាវសាមូរ៉ៃ ដុំថ្ម និងដំបងឈើជ្រុង បានរត់ចូលទៅកាប់ជនរងគ្រោះ ប៉ុន្តែក្រុមជនរងគ្រោះដឹងខ្លួនទាន់ ក៏រត់ចោលម៉ូតូ២គ្រឿង គេចខ្លួនបាត់អស់ ត្រូវបានក្មេងទំនើង98នោះ នាំគ្នាវាយកម្ទេចម៉ូតូ២គ្រឿងនោះ ។ ចំណែករទះលក់ប្រហិតចៀនវិញ ត្រូវបែកទូរកញ្ចក់ខ្ទេចខ្ទីអស់។ ក្រោយបង្កហិង្សារួច ក្រុមក្មេងទំនើងដែលមានរហស្សនាមថា ក្រុម98នោះ បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ ។

ករណីនេះ ក្រុមជនរងគ្រោះបាននិយាយថា ខ្លួនមិនដែលមានគំនុំ អីជាមួយអ្នកណានោះឡើយ ហើយក៏មិនធ្លាប់ស្គាល់ និងមានរឿងអ្វីជាមួយក្រុមក្មេងទំនើង ដែលមានរហស្សនាមថា ក្រុម98នោះដែរ។ ក្រោយពេលកើតហេតុ ក្រុមជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ជ្រោយចង្វារ ដើម្បីឱ្យសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់ ៕