ត្រៀមអាវរងារ និងថែរក្សាសុខភាព! កម្ពុជា នឹងចុះត្រជាក់ខ្លាំងដល់ ១១អង្សាសេ (Video)

0

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧត្តុនិយម បានបញ្ជាក់ថា ចាប់ពីថ្ងៃទី៩-១៧ ខែមករា ឆ្នាំ២០២១ នៅតាមតំបន់មួយចំនួន នៃប្រទេសកម្ពុជា នឹងចុះត្រជាក់ខ្លាំងជាថ្មីម្ដងទៀត ក្នុងរង្វង់ពី១១ទៅ១៣ អង្សាសេ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក នៅថ្ងៃទី៨ មករានេះ បានឲ្យដឹងថា តាមរយៈការតាមដាន និងការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា ទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង បាននិងកំពុងធ្លាក់ចុះមកក្រោម នាំមកនូវធាតុត្រជាក់ ពីតំបន់ស៊ីប៊ឺរី គួបផ្សំជាមួយនឹងខ្យល់មូសុងឦសានខ្លាំង ។

ក្រសួងបន្តថា លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ (ពិសេសពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១) មានស្ថានភាព ដូចខាងក្រោម៖

១.តំបន់វាលទំនាប សីតុណ្ហភាពអប្បបរមា នឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៣ ទៅ ១៥ អង្សាសេ លាយឡំជាមួយខ្យល់មធ្យម ។ សម្រាប់រាជធានីភ្នំពេញ សីតុណ្ហភាពអប្បបរមា នឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់ ១៦អង្សាសេ ។

២.តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមានឹងអាចធ្លាក់ចុះ មកនៅក្នុងរង្វង់ពី ១១ ទៅ ១៣អង្សាសេ លាយឡំជាមួយខ្យល់ខ្លាំង ។

៣.តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា នឹងអាចធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៧ ទៅ ១៩ អង្សាសេ។ នៅថ្ងៃទី១២ ខែមករា នៅលើផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។

តាមរយៈស្ថានភាពអាកាសធាតុខាងលើ ក្រសួងធនធានទឹក បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ ជាពិសេសវីរៈកងទ័ពដែលរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគ ឦសាន ត្រូវបង្កើនការយកចិត្តទុកដាក់ ថែរក្សាសុខភាពចំពោះអាកាសធាតុចុះត្រជាក់ខ្លាំងនេះ ។ ដោយឡែកប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ៕