តាមប្រមាញ់មុខសញ្ញាជនសង្ស័យ លួចលក់ថ្នាំញៀនទ្រង់ទ្រាយធំ ២នាក់ ពីភ្នំពេញដល់ប៉ោយប៉ែត

0

ភ្នំពេញ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំង មន្ទីរប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យ ២នាក់ លួចលក់ថ្នាំញៀនទ្រង់ទ្រាយធំ ។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីម៉ោង ១២យប់រំលងអាធ្រាតឈានចូលថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខភោជនីយដ្ឋានម្លប់ឬស្សី ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់បាលិលេយ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារ ប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងនគរបាលនៃ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងការិយាល័យក១០ នៃមន្ទីរប្រឆាំងគ្រឿងញៀនចុះឃាត់ខ្លួន ជនសង្ស័យបានចំនួន២នាក់១ឈ្មោះ មាស ធីតា ភេទប្រុស រស់នៅចំណុចមុខភោជនីយដ្ឋាន ម្លប់ឬស្សី ផ្លូវលេខ៥ សង្កាត់បាលេលីយ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្នុងប្រតិបត្តិការនេះដកហូតវត្ថុតាង សង្ស័យថ្នាំញៀនអ៊ិចស្រ្តាស៊ីចំនួន ៤៨គ្រាប់ សារធាតុញៀនសង្ស័យប្រភេទ កេតាមីន ចំនួន១៥ កូនថង់តូច ២ឈ្មោះ ស្រេង ឡុង​ហេង ភេទប្រុស ដែលជាមេក្លោង រស់នៅចំណុចបន្ទប់លេខE៤៣ ជាន់ទី៤ ផ្លូវបេតុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដកហូតវត្ថុតាងមាន ថ្នាំគ្រាប់ពណ៍ត្រួយចេក ចំនួន២៣ថង់ សង្ស័យសារធាតុញៀនប្រភេទអ៊ិចស្រ្តាស៊ី ថ្នាំគ្រាប់ពណ៍ផ្កាឈូកចំនួន៤ថង់សង្ស័យសារធាតុញៀនប្រភេទអ៊ិចចស្រ្តាស៊ី ថ្នាំគ្រាប់ពណ៍លឿងស្រាល ចំនួន៥ថង់ សង្ស័យសារធាតុញៀនប្រភេទអ៊ិចស្រ្តាស៊ី ក្រាមសថ្លាចំនួន១ កូនថង់សង្ស័យសារធាតុញៀន ថ្នាំគ្រាប់ហ្វាយៗមួយបន្ទះចំនួន១០គ្រាប់ សង្ស័យសារធាតុញៀន ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន១ កេតាមីនទឹកចំនួន ១៥០ដបសង្ស័យសារធាតុញៀន សំភារះសំរាប់សម្ងួតថ្នាំញៀនមួយកំប្លេរ។

លោកស្នងការរង បញ្ជាក់ថា ក្នុងការចុះបង្ក្រាបនេះ មន្ទីរប្រឆាំងគ្រឿងញៀន តាមប្រម៉ាញ់មុខសញ្ញាពីក្រុងភ្នំពេញ មកដល់ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជនសង្ស័យទាំង ២នាក់ និងវត្ថុតាងប្រគល់ជូន កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕