ភ្នំពេញ៖ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីរំលោភសេពសន្ធវៈ លើកូនស្រីចុងរបស់ខ្លួន បានសម្រេចជាច្រើនលើក ។
កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ក្រោយពីទទួលពាក្យបណ្ដឹងពីឈ្មោះ លន់ ឡាត់ ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិស្រះស្រង់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ (ត្រូវជាអ៊ុំប្រុសជនរងគ្រោះ) ថាមានកើតករណីរំលោភសេពសន្ធវៈ មកលើក្មួយស្រីរបស់ខ្លួន កម្លាំងជំនាញនៃអធិការរដ្ឋាន នគរបាលស្រុកបន្ទាយអំពិល សហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលគោកខ្ពស់ បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ មានឈ្មោះ ឡូត យ៉េ ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិស្រះស្រង់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ដែលបានធ្វើសកម្មភាពរំលោភសេពសន្ទវៈ ទៅលើជនរងគ្រោះ អាយុ ១៤ឆ្នាំ (ត្រូវជាកូនប្ដីមុនរបស់ប្រពន្ធ) រស់នៅភូមិកើតហេតុខាងលើ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ បានសម្រេចជាច្រើនលើក ។
បន្ទប់ពីធ្វើការឃាត់ខ្លួនបាន ជនសង្ស័យឈ្មោះ ឡូត យ៉េ បានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា រូបគេពិតជាបានធ្វើសកម្មភាព រំលោភសេពសន្ធវៈ ទៅលើកូនចុង របស់ខ្លួន បានសម្រេចជាច្រើនដងពិតប្រាកដមែន ដោយគិតចាប់ពីអំឡុងខែសីហា ឆ្នាំ២០២០ រហូតដល់ ខែធ្នូ ឆ្នាំ២០២០ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញនៃ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់រួចរាល់ ៕