ភ្នំពេញ៖ បុរសនារី២នាក់ ជិះម៉ូតូធំ (ម៉ូតូកាហ្វេ) ឌុបគ្នា ក្នុងល្បឿនលឿន មិនពាក់មួកការពារសុវត្ថិភាព ដល់ផ្លូវកោង មិនបន្ថយល្បឿន ក៏ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ពេញទំហឹង បណ្ដាលឲ្យស្លាប់ទាំងពីរនាក់ ចំណែកម៉ូតូខ្ទាតទៅមុខផ្ទះប្រជាពលរដ្ឋ ខ្ទេចយ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០២១នេះ នៅត្រង់ចំណុចមុខផ្ទះលក់គ្រឿងសំណង់យីហោ “ចែអូន” នៅលើផ្លូវ២០៦ ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
អ្នកបើកម៉ូតូឈ្មោះ នៅ រស្មី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល និងនារីម្នាក់ទៀតរួមដំណើរពីក្រោយ មានឈ្មោះ ប៊ី អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួលមួយកន្លែង ក្នុងក្រុងតាខ្មៅ (អ្នកទាំងពីរបានស្លាប់ពេលបញ្ជូន ទៅដល់មន្ទីរពេទ្យជ័យជំនះ) ។
បើតាមលោកវរសេនីយ៍ទោ ភឿង វ៉ាត អធិការរងទទួលផែនចរាចរណ៍ ក្រុងតាខ្មៅ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានម៉ូតូធំមួយគ្រឿង ម៉ាក BMW (ដែលគេហៅថា ម៉ូតូកាហ្វេ) ពណ៌ខ្មៅ គ្មានស្លាកលេខ (មិនពាក់មួកសុវត្ថិភាព និងគ្មានកញ្ចក់មើលក្រោយ) ម៉ូតូបើកក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុខាងលើ ដែលជាចំណុចផ្លូវកោង មិនបន្ថយល្បឿន ក៏បានជ្រុលចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ពេញទំហឹងតែម្ដង ។
យោងតាមការសន្ឋិដ្ឋានរបស់សមត្ថកិច្ច មូលហេតុមកពី អ្នកបើកបរម៉ូតូបើកបរលើផ្លូវកោង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ។
បច្ចុប្បន្នក្រោយកើតហេតុ មធ្យោបាយដែលពាក់ព័ន្ធត្រូវបាន សមត្ថកិច្ចនគរបាលចរាចរណ៍ ក្រុងតាខ្មៅ យកមករក្សាទុក បណ្ដោះ អាសន្ន នៅអធិការដ្ឋាន ក្រុងតាខ្មៅ ដើម្បីចាត់ការតាមតិវិធី ៕


