ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូសណ្តោងរ៉ឺម៉ក យ៉ាងលឿនក៏ជ្រុលទៅបុកពីក្រោយគូទរថយន្ត LAND CRUISER ស៊េរី២០២០ មួយគ្រឿង ដែលម្ចាស់ចតទុកមុខផ្ទះ បណ្តាលឲ្យខូចខាត កំពិត បែកស្តុបមួយចំហៀង និងកំពិតទ្វារក្រោយ ហើយថែមទាំងបោះពាក្យសម្ដីថា ហៅជាងមកវាយតម្លៃ មកអស់ប៉ុន្មានលុយ ពេលគ្រាន់តែឮថា អស់ជាង ១០០០ដុល្លា ម្ចាស់រ៉ឺម៉កស្រឡាំកាំង ភ្ញាក់ខ្លួនដូចខ្មោច ៧ថ្ងៃ ចង់យំក៏យំមិនចេញ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ៤៖៣០នាទីរសៀល ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
រថយន្តរងគ្រោះម៉ាក LAND CRUISER ស៊េរី២០២០ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BB-7273 រងខូចខាត កំពិត បែកស្តុក ក្រោយ កំពិតផុងទ្វារក្រោយ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុ រថយន្តបានចតទុកមុខផ្ទះ ស្រាប់តែនៅវេលាម៉ោងខាងលើ ត្រូវបានម៉ូតូសណ្តោងរ៉ឺម៉ក បើកបរដោយបុរសម្នាក់ ពីលិចទៅកើត សរសៀរចិញ្ចើមផ្លូវ ខណៈដែលកំណាត់ផ្លូវ កំពុងកកស្ទះចរាចរ រ៉ឺម៉កបើកទៅសសៀរ គេចពីរថយន្តកុងតឺន័រ ជ្រុលទៅបុកពីក្រោយរថយន្ត កំពុងចតស្ងៀមនៅមុខផ្ទះគេ បណ្តាលឲ្យរងខូចខាត ។ ក្រោយកើតហេតុ អ្នកបើកបររ៉ឺម៉ក និយាយសន្យា អះអាង អត់អីទេ ហៅជាងមកវាយតម្លៃ អស់ប៉ុន្មានលុយ គាត់មិនខ្វល់។ ក្រោយពីឮសម្តីដូចទំនង ម្ចាស់រថយន្ត ហៅនាំ និងយកទាំងរថយន្ត ទាំងម៉ូតូ ទៅប៉ុស្តិ៍ចោមចៅ៣ ហៅជាងមកដល់វាយតម្លៃនៃការខូចខាត គ្រាន់តែឮថាអស់ប្រហែលជាង១០០០ដុល្លារគ្រាន់តែផ្នែកខាងក្រៅ មិនទាន់គិតខាងក្នុង ធ្វើឲ្យម្ចាស់រថយន្តនិយាយលែងចេញ អ្នកបើកបរម៉ូតូរ៉ឺម៉ក សម្តីលែងអួតក្អេងក្អាង ស្ងាត់មាត់ឈឹង ។
ក្រោយដឹងតម្លៃត្រួសៗ ដោះស្រាយមិនចេញ សមត្ថកិច្ចក៏បានឃាត់អ្នកបើកបរម៉ូតូរ៉ឺម៉ក នាំយករថយន្ត និងម៉ូតូ យកទៅផ្នែកជំនាញខណ្ឌពោធិសែនជ័យ រង់ចាំដោះស្រាយពេលក្រោយ ៕