ទុស្សេខ្សែភ្លើង ឆេះរោងចក្រផលិតប្រអប់បាយ មួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ

0

ភ្នំពេញ៖ ក្រុមពន្លត់អគ្គីភ័យ៧១១ កងពលតូចលេខ៧០ បានជួយអន្តរាគមន៍ពន្លត់អគ្គិភ័យឆាបឆេះរោងចក្រផលិតប្រអប់បាយមួយកន្លែង ស្ថិតនៅភូមិព្រៃស្ពឺ  សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមជំរាបថា ក្រុមពន្លត់អគ្គិភ័យ៧១១ បានចេញអន្តរាគមន៍ជួយពន្លត់ អគ្គិភ័យឆាបឆេះ រោងចក្រផលិតប្រអប់បាយនេះ នៅវេលាម៉ោង ១៧:៣០នាទីល្ងាចថ្ងៃទី០៦  ខែមករា ឆ្នាំ២០២១ ។ ការពន្លត់នេះ   មានការសហការ ជាមួយនឹងអង្គភាពពន្លត់ អគ្គិភ័យជាច្រើនទៀតផងដែរ។

យោងតាម ការស្រាវជ្រាវរបស់សមត្ថិកិច្ច បានអោយដឹងថា អគ្គិភ័យដែលឆេះនេះបណ្តាល មកពីទុស្សេខ្សែភ្លើង។ សម្រាប់កម្លាំងរបស់ កងពលតូចលេខ៧០ ដែលបានចុះទៅពន្លត់អគ្គិភ័យ មានចំនួន១៧នាក់ (ស្រី៧នាក់ ) ដោយបានប្រេីប្រាស់ រថយន្តពន្លត់អគ្គីភ័យចំនួន ៣គ្រឿង រថយន្ដMazda ១គ្រឿង រថយន្ដក្បាលបាញ់១គ្រឿង និងរថយន្ដទឹកចំណុះ ១០,០០០លីត្រ ចំនួន ២គ្រឿងចល័តទៅកន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ពន្លត់។

សូមបញ្ជាក់ផងថា ការអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ  បានរលត់ទាំងស្រុង ក្រោយពីមានការខិតខំ បាញ់ទប់ស្កាត់ មិនអោយមានការរាលដាល អគ្គីភ័យខ្លាំងនោះឡេីយ៕